
Premier League អនុញ្ញាតប្ដូរកីឡាករបាន៥រូបសាជាថ្មី
សារព័ត៌មាន the Guardian រាយការណ៍ថា Premier League បានចាប់ផ្ដើមអនុញ្ញាតឲ្យមានការផ្លាស់ប្ដូរកីឡាករ៥នាក់ក្នុងមួយប្រកួតម្ដងទៀតហើយ។
តាមពិតទៅមុនការអនុញ្ញាតសាជាថ្មីនេះ Premier League ជាក្របខណ្ឌកំពូលតែមួយគត់នៅអឺរ៉ុបដែលកំណត់ការផ្លាស់ប្ដូរត្រឹម៣នាក់ ក្រោយមានសេចក្ដីសម្រេចពី FIFA បង្កើនចំនួនផ្លាស់ប្ដូរកាលប៉ុន្មានខែមុនអំឡុងការបិទប្រទេសពាក់ព័ន្ធទៅនឹងការបង្ការការរីករាលដាលជំងឺកូវីដ១៩។
លីគអង់គ្លេសបានសម្រេចចូលរួមជាមួយក្របខណ្ឌផ្សេងៗទៀតដើម្បីពង្រីកចំនួនផ្លាស់ប្ដូរ ដែលនឹងចាប់ផ្ដើមអនុវត្តជាថ្មីនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា នេះ។
ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការ អ្នកចាត់ការមួយចំនួនបានយល់ស្របមានដូចជា Southampton, Steve Bruce, David Moyes ជាដើម ខណៈក្លិបផ្សេងទៀតដូចជា Liverpool, Manchester City មិនសូវគាំទ្រចំពោះការបង្កើននេះឡើយ។
យ៉ាងណា គេជឿថា ការបង្កើនចំនួនផ្លាស់ប្ដូរពី៣ទៅ៥នាក់ក្នុងមួយប្រកួតនេះអាចជួយបញ្ចៀសកីឡាករពីបញ្ហារបួសបានដែរ៕