ទីលានបាល់ទាត់ស្ដង់ដាវិទ្យាល័យឧដុង្គចាប់ផ្តើមសាងសង់
ទីលានបាល់ទាត់ នៃវិទ្យាល័យឧដុង្គ ស្ថិតឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ។
ពិធីបើកការដ្ឋានសាងសង់ទីលានស្ដង់ដារនេះ ធ្វើឡើងក្រោមវត្តមាន ងួន វាសនា អភិបាលស្រុកឧដុង្គ ព្រមទាំងអាជ្ញាធរឃុំ និងលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យឧដុង្គ បន្ទាប់ពីមានការកៀរគរថវិកាពីសំណាក់អតីតសិស្សសាលាវិទ្យាល័យឧដុង្គ ដែលដឹកនាំកៀរគរថវិកានេះដោយលោក ខូវ ឆាយ ។
អតីតសិស្សវិទ្យាល័យឧដុង្គខាងលើ បានបញ្ជាក់ថា «ការកសាងនេះ ដើម្បីទុកជាប្រយោជន៍ដល់ការបណ្តុះបណ្តាលហ្វឹកហាត់យុវជនសិស្សានុសិស្ស និងការប្រកួតកីឡាបាល់ទាត់កំរិតសិស្សនានា មិនតែប៉ុណ្ណោះក៏សម្រាប់ជាប្រយោជន៍ដល់សហគមន៍ទាំងមូល ក្នុងការប្រើប្រាស់ដើម្បីរៀបចំការប្រកួតបាល់ទាត់ថ្នាក់មហាជនប្រចាំស្រុក ថ្នាក់ខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិនានាផងដែរ» ។
តាមការឲ្យដឹងទីលានស្មៅធម្មជាតិនេះ នឹងធ្វើលក្ខណៈស្ដង់ដារ ដោយជំហានដំបូង ផ្ដើមពីការសាងសង់ទីលានមុន បន្ទាប់មកទើបគិតគូរសាងសង់វេទិការ និងសាងសង់កន្លែងអង្គុយទស្សនាជាក្រោយ ។ មិនតែប៉ុណ្ណោះ ក្នុងពេលឆាប់ៗខាងមុខ ក៏នឹងមានការចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងវិទ្យាល័យឧដុង្គ ជាមួយក្រុមកងយោធពលខេមរភូមិ ដើម្បីសហការថែទាំ និងប្រើប្រាស់ទីលាននេះទៀតផង ។
គួរដឹងថា ទីលានបាល់ទាត់ នៃវិទ្យាល័យឧដុង្គនេះ បានដំណើរការឈូសឆាយដីជាង ១សប្ដាហ៍មកហើយ មុនពិធីបើកការដ្ឋានសាងសង់ថ្ងៃនេះ ដោយនឹងប្រើប្រាស់ស្មៅធម្មជាតិប្រភេទស្មៅល្អិត ដែលជាផលិតផលក្នុងស្រុក ឬភាសាបច្ចេកទេសហៅថា Local Permuda ដែលត្រូវបានអ្នកជំនាញចាត់ទុកជាស្មៅស័ក្ដិសមជាមួយនឹងទីលានតាមខេត្ត និងងាយស្រួលថែទាំ ។ តាមការគ្រោងទុកទីលាននេះ នឹងបញ្ចប់ក្នុងរយៈពេល ៣ខែខាងមុខ ៕ CAMSOC