Lukaku បំពេញការផ្ទេររួចរាល់ទៅ Chelsea ក្នុងតម្លៃ៩៧,៥លានផោន
Chelsea បានចុះកុងត្រាផ្ទេរយក Romelu Lukaku សាជាថ្មី ដោយចំណាយប្រាក់៩៧លាន៥សែនផោនពី Inter Milan លើកិច្ចសន្យា៥ឆ្នាំ។
នេះជាតម្លៃកំណត់ត្រាលំដាប់ទី២នៅ Premier League បន្ទាប់ពី Manchester City ទិញបាន Jack Grealish ពី Aston Villa តម្លៃ១០០លានផោន។
ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ីកថ្លែងថា គេពិតសប្បាយចិត្តដែលបានវិលទៅកាន់កីឡដ្ឋាន Stamford Bridge សាជាថ្មី និងប្រកបដោយបទពិសោធច្រើនជាងមុន។
កីឡាករវ័យ២៨ឆ្នាំបានផ្ទេរពី Anderlecht ទៅ Chelsea កាល១០ឆ្នាំមុន តែលេងបានត្រឹម១០ប្រកួត និងមិនទាត់ចូលឡើយ ហើយក៏ត្រូវតោខៀវដាក់ឲ្យ West Brom ខ្ចី និងលក់ទៅ Everton កាលឆ្នាំ២០១៤ តម្លៃ២៨លានផោន។
ឆ្នាំ២០១៧ គេត្រូវបាន Manchester United ទិញពី Everton តម្លៃ៧៥លានផោន ហើយឆ្នាំ២០១៩បិសាចក្រហមលក់ទៅ Inter Milan ៧៤លានផោន។
ការទៅដល់របស់ Lukaku នៅ Chelsea ក៏ធ្វើឲ្យឱកាសលេងរបស់ Tammy Abraham កាន់តែខើចដែរនៅរដូវកាលក្រោយ។ ខ្សែប្រយុទ្ធអង់គ្លេសេរូបនេះអាចនឹងចាកចេញខណៈ Arsenal និង Roma ចង់បាន៕