Chelsea ស៊ី Man City ឡើងផ្ដាច់ព្រ័ត្រ FA Cup
Chelsea បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ FA Cup រដូវកាល២០២០/២០២១ ក្រោយឈ្នះ Manchester City ១ទល់នឹង០ ក្នុងការប្រកួតនៅ Wembley ថ្ងៃសៅរ៍ ទី១៧ ខែមេសា។ Hakim Ziyech ជាអ្នកទាត់បាល់បញ្ចូលទីគ្រាប់ជ័យជម្នះ បន្ទាប់ពីទទួលការបញ្ជូនយ៉ាងល្អដោយ Timo Werner ក្នុងនាទី៥៥។
មុនឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Chelsea បានទម្លាក់ Sheffield United ខណៈ Manchester City ឈ្នះ Everton។ ជ័យជម្នះរបស់ក្រុមតោខៀវមានន័យថា Man City បានរបូតពានមួយទៅហើយក្នុងរដូវកាលនេះ ក្នុងចំណោមពានធំៗ៤។ ក្រុមរបស់លោក Pep Guardiola នៅសល់ឱកាសយកពាន៣ទៀត គឺ UEFA Champions League, Premier League និង League Cup។ ដោយឡែកថ្ងៃអាទិត្យ ទី១៨ ខែមេសា នេះ Leicester City ត្រូវប៉ះ Southampton ដើម្បីយកកៅអីផ្ដាច់ព្រ័ត្រទៅប៉ះ Chelsea នៅថ្ងៃទី១៥ ខែឧសភា៕