Zidane ដក Marcelo ពីបញ្ជីប្រកួតក្រោយខ្សែការពារប្រេស៊ីលអន់ចិត្តរឿងអត់សូវបានលេង
Marcelo បានបង្ហាញការមិនពេញចិត្តចំពោះការមិនសូវបានលេងក្នុងរដូវកាលនេះ។
សារព័ត៌មាន Goal រាយការណ៍ថា ខ្សែការពារជម្រើសជាតិប្រេស៊ីលមានមាត់មានកជាមួយគ្រូបង្គោល Zinedine Zidane ហើយក៏ត្រូវបានដកឈ្មោះពីបញ្ជីប្រកួតតទល់ Granada នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា នេះ។
Marcelo ចូលលេងទើបតែបាន១៥ប្រកួតទេនៅ La Liga រដូវកាលនេះ។ ទីតាំងរបស់គេត្រូវបានប្រជែងដោយ Ferland Mendy។
Goal បន្ថែមដែរថា កីឡាករវ័យ៣២ឆ្នាំក៏មិនសប្បាយចិត្តចំពោះរបៀបហ្វឹកហាត់របស់លោក Zidane ដែរ។
ដោយឡែក ចាប់តាំងពីធ្លាក់ UEFA Champions League មក មានលេចឮដំណឹងពីការចាកចេញរបស់លោក Zidane ជាបន្តបន្ទាប់។ ប្រភពពី Goal រាយការណ៍ថា បុរសជនជាតិបារាំងមិនសប្បាយចិត្តចំពោះការដាក់សម្ពាធពីលោកប្រធានក្លិប Florentino Perez។ ប្រសិនបើ Zidane ចេញមែន បេក្ខជនលេចធ្លោជាងគេជំនួសតំណែងគ្រូធំនៅ Real Madrid គឺលោក Maximiliano Allegri ដែលជាអតីតគ្រូធំ Juventus។ ចំណែក Raul Gonzalez ក៏ស្ថិតក្នុងការពិចារណាដែរ។ នេះបើតាមការប្រភពក្នុងស្រុកអេស្ប៉ាញ។
Real Madrid បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ៣ មាន៧៥ពិន្ទុ ពីការប្រកួត៣៥លើក ក្រោមក្រុមកំពូលតារាង Atletico Madrid ៥ពិន្ទុ តែលេងតិចជាងមួយប្រកួត៕