លោក Ryu Hirose គ្រូជម្រើសជាតិបាល់ទាត់កម្ពុជាបង្ហើបរបៀបរើសកីឡាករក្នុងអំឡុងកូវីដ
គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលោក Ryu Hirose បានបង្ហើបអំពីរបៀបនៃ ការជ្រើសរើសកីឡាករជម្រើសជាតិក្នុងអំឡុងកូវីដដើម្បីត្រៀមប្រមូលផ្តុំហ្វឹកហាត់ក្នុងការចេញទៅប្រកួតព្រឹត្តិការណ៍ជម្រុះ FIFA World Cup នាប្រទេសបារ៉ែន នាដើមខែ មិថុនា ឆ្នាំ ២០២១ ខាងមុខ ។
ដោយសារបញ្ហាកូវីដការប្រកួតនៅកម្ពុជាបានផ្អាក ដូចនេះគ្រូបង្វឹកសញ្ជាតិជប៉ុន បានលើកឡើងពីរបៀបនៃការកោះហៅកីឡាករថា វាជាការលំបាកណាស់ក្នុងការជ្រើសរើសកីឡាករក្នុងស្ថានភាពនេះ ដោយសារតែការប្រកួតលីគកំពូលកម្ពុជា ត្រូវបានពន្យារពេល និងផ្លាស់ប្តូរ ។ លោកបន្ថែមថា «ពួកយើងបានទស្សនាការប្រកួតមួយចំនួនរួចមក យើងបានកត់សម្គាល់ឃើញថា ការបង្ហាញខ្លួនរបស់កីឡាករនៅមិនទាន់ល្អនៅឡើយទេ ប៉ុន្តែយើងសម្រេចចិត្តជ្រើសរើសកីឡាករ ដោយផ្អែកទៅលើសមិទ្ធផល ដែលពួកគេសម្រេចបានកន្លងមក ដល់ពេលបច្ចុប្បន្ន និងជាកីឡាករ ដែលមានសក្តានុពលខ្ពស់សម្រាប់ពេលអនាគត។ ពួកយើងមានភាពជឿជាក់លើកីឡាករដែលពួកយើងបានជ្រើសរើស»។
ក្រុមគោពៃកម្ពុជានឹងធ្វើការប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិឆាប់ៗខាងមុខនេះ ដើម្បី ហ្វឹកហាត់ត្រៀមចេញដំណើរទៅ បារ៉ែន នៅចុងខែ ឧសភា នេះមុនដល់ថ្ងៃប្រកួត ។
៣ប្រកួតចុងក្រោយនៃវគ្គចែកពូលជុំទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ដែលកម្ពុជាត្រូវប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី៣មិថុនា ជួបជាមួយម្ចាស់ផ្ទះ អ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា និងជួប អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងពូលC ដែលមាន៥ក្រុម រួមមានកម្ពុជា, បារ៉ែន, ហុងកុង, អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ឆ្លងកាត់៥ប្រកួតកន្លងមកមិនធ្លាប់ឈ្នះ ស្មើម្តងជាមួយក្រុមហុងកុង ១ ទល់ ១ និងចាញ់៤ ប្រកួត ៕