Norwich វិលទៅ Premier League វិញហើយ
Norwich City ទទួលបានកៅអីវិលទៅកាន់ក្របខណ្ឌ Premier League សាជាថ្មីវិញហើយ ក្រោយ Brentford និង Swansea City មិនទទួលបានជ័យជម្នះដូចគ្នា ក្នុងការប្រកួតនៅថ្ងៃសោរ៍ ទី១៧ ខែមេសា នេះ។ ដូច្នេះមានន័យថា ក្រុមចាបលឿងមិនបាត់បង់ទីតាំងក្នុងតំបន់ឡើងលីគកំពូលទេ ទោះការប្រកួតមិនទាន់ចប់ទាំងស្រុង។
ក្រុមលោក Daniel Farke បានធ្លាក់ចេញពី Premier League នាដំណាច់រដូវកាល២០១៩/២០២០ ហើយបច្ចុប្បន្ននេះមានតែ Watford ទេកំពុងប្រជែងជើងឯក Championship ជាមួយពួកគេ។
ឆ្លងកាត់ការប្រកួត៤១លើកនៅ EFL Championship គឺ Norwich កំពុងឈរកំពូលតារាងមាន៩០ពិន្ទុ និងនាំមុខ Watford ដែលលេងបាន៤២ប្រកួត ចំនួន៨ពិន្ទុ។ ដូច្នេះប្រសិនបើឈ្នះ Bournemouth យប់នេះ Norwich នឹងកាន់តែកៀកតំណែងជើងឯក។
គួររំឭកថា ក្នុងក្របខណ្ឌ Premier League រដូវកាល២០១៩/២០២០ Norwich City បញ្ចប់នៅលេខ២០ ដោយឈ្នះ៥ ស្មើ៦ និងចាញ់២៧ មាន២១ពិន្ទុ៕