ទើបធ្លាយដំណឹងអាក្រក់សោះ Zlatan មិនពិបាកចិត្ត បែរចង់់ចាយ២០លានអឺរ៉ូធ្វើរឿងនេះ
Zlatan Ibrahimovic បានទៅពិនិត្យនាវាកម្សាន្ដមួយឈ្មោះថា Rebeca កាលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា នៅប្រទេសអ៊ីតាលី។
ខ្សែប្រយុទ្ធក្លិប AC Milan បានសរសើរមិនដាច់ពីមាត់ចំពោះនាវាដ៏ប្រណីតដែលមានតម្លៃ២០លានអឺរ៉ូមួយនេះដោយគេចង់ទិញផ្ដាច់យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនទុកជិះកម្សាន្ដ។
នាវានេះមានប្រវែង៤០ម៉ែត្រ និង៣ជាន់ សាងសង់ក្នុងឆ្នាំ២០២០ អាចផ្ទុកអ្នកដំណើរយ៉ាងស្រួល១១នាក់ មានបន្ទប់ដេក៥, កន្លែងហាត់ប្រាណ, ហែលទឹក, ម៉ាស៊ីនទឹកក្ដៅ និងកន្លែងអាំងសាច់។ ប្រសិនបើជួលវិញ មានតម្លៃ២០ម៉ឺនអឺរ៉ូក្នុងមួយសប្ដាហ៍។
បច្ចុប្បន្ន កីឡាករជម្រើសជាតិស៊ុយអែតក៏មាននាវាកម្សាន្ដផ្ទាល់ខ្លួនដែរ ដែលមានប្រវែង៣០ម៉ែត្រ ទទឹង៧ម៉ែត្រ អាចផ្ទុកមនុស្សបាន២០នាក់ តែមិនអាចប្រៀបជាមួយនាវា Rebeca បានទេ។
ដោយឡែក នាពេលថ្មីៗនេះ Zlatan កំពុងស្ថិតក្នុងការស៊ើបអង្កេតពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក និងសហព័ន្ធបាល់ទាត់អឺរ៉ុបរឿងរកស៊ីជាមួយក្រុមហ៊ុនភ្នាល់។ ប្រភពមួយរាយការណ៍ថា កីឡាករវ័យ៣៩ឆ្នាំមានភាគហ៊ុន១០ភាគរយក្នុងក្រុមហ៊ុនភ្នាល់មួយនៅប្រទេសម៉ាល់តា។ ប្រសិនបើរកឃើញភស្ដុតាងមែននោះ គេត្រូវប្រឈមនឹងការពិន័យមិនឲ្យពាក់ព័ន្ធបាល់ទាត់៣ឆ្នាំ៕