Xavi ប្រាប់ De Jong ថាបើចង់នៅ Barcelona បន្តគឺត្រូវកាត់ប្រាក់ខែ៥០% ហើយប្តូរមកលេងជាខ្សែការពារវិញ
កាលពីពេលថ្មីៗនេះ គ្រូបង្វឹក Xavi បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ៗអំពីបញ្ហាលើការដោះដូរខ្សែបម្រើ Frankie de Jong ដែលកំពុងតែទាក់ទិនក្នុងភាពចម្រូងចម្រាស់លើការផ្លាស់ទៅកាន់ Manchester United នារដូវក្តៅនេះ។
បុរសវ័យ៤២ឆ្នាំបាននិយាយនៅក្នុងសន្និសិទសារព័ត៌មាននៅសហរដ្ឋអាមេរិកបែបនេះថា៖ “ជាការពិតខ្ញុំទទួលស្គាល់អំពីសមត្ថភាពរបស់ Frankie ខ្លាំងណាស់ គេគឺជាផ្នែកមួយដ៏សំខាន់របស់ក្រុម ប៉ុន្តែដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមមិនមានស្ថេរភាព ដូចនេះយើងត្រូវធ្វើបែបនេះ។”
អតីតសមាជិក Al Sadd បានបន្ថែមទៀតថា៖ “បើសិនជាគេពិតជាចង់នៅទីនេះបន្តទៀត ដូចនេះគេត្រូវតែព្រមក្នុងការបន្ថយប្រាក់ពលកម្មនឿយហត់របស់គេតាមការកំណត់របស់ក្លឹប ហើយគេអាចនឹងត្រូវផ្លាស់មកលេងនៅក្នុងតំណែងការពារវិញ។ ការនិយាយបែបនេះរបស់ខ្ញុំគឺមិនមែនជាការផ្ញើរសារទៅកាន់គេនោះទេ ប៉ុន្តែវាគម្រោងរបស់ខ្ញុំនៅពេលបន្ទាប់”។
គួរឱ្យដឹងថា Frankie de Jong កំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិលអំពីការស្នាក់នៅ FC Barcelona បន្តទៀត ស្របពេលដែលរូបគេផ្ទាល់មិនព្រមទទួលយកការកាត់ប្រាក់ខែបន្តទៀតឡើយ ខណៈដែលគេក៏មិនចង់ផ្លាស់ទៅកាន់ Manchester United ដូចគ្នា។