Paris St-Germain ចុះកុងត្រាយកខ្សែការពារថ្មី លើកិច្ចសន្យារយៈពេល៥ឆ្នាំ
ក្លិប Paris St-Germain បានចុះកុងត្រាយកខ្សែការពារ Nordi Mukiele ពី ក្លិប RB Leipzig លើកិច្ចសន្យារយៈពេល៥ឆ្នាំ។សម្រាប់តម្លៃនៃការផ្ទេរ កីឡាករវ័យ២៤ឆ្នាំ មិនត្រូវបានបង្ហាញលំអិតនោះទេ ប៉ុន្តែមានការជឿថា វាមានតម្លៃប្រមាណ ១៦លានអឺរ៉ូ បូករួមនិងថ្លៃបន្ថែមផ្សេងៗទៀត។
កីឡាករអន្តរជាតិបារាំង បានចំណាយរយៈពេល៤ឆ្នាំជាមួយក្លិប Leipzig ក្រោយផ្ទេរពីក្លិបបារាំង Montpellier នៅឆ្នាំ២០១៨។ គេបានបង្ហាញខ្លួន១៤៥ដងស៊ុតបាន១០គ្រាប់និងចែកបាល់សម្រេចទី១១ដង ដោយបានជួយក្លិបអាល្លឺម៉ង់ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League 2020 និងបានឈ្នះពានរង្វាន់ German Cup 2021–22 ដែលជាពានរង្វាន់ធំលើកដំបូងរបស់ក្លិប ។
រូបគេគឺជាកីឡាករទី៣ ដែលចូលរួមជាមួយក្លិបជើងឯកលីគកំពូលបារាំង១០សម័យនៅទីផ្សារដោះដូរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធបារាំង Hugo Ekitike ផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបរួមលីគ Reims និងខ្សែបម្រើព័រទុយហ្កាល់ Vitinha ផ្ទេរពីក្លិប Porto។ រូបគេក៏ជាកីឡាករទី២ដែលត្រូវប្រកាសជាសមាជិកផ្លូវការ ចាប់តាំងពីការមកដល់របស់អ្នកចាត់ការថ្មី Christophe Galtier ដែលមកជំនួសកៅអីរបស់លោក Mauricio Pochettino៕
F11