មហាផ្ទៃឈរលើគេក្នុងតារាងតេក្វាន់ដូ ITF ជើងឯកថ្នាក់ជាតិ២០២២
ក្រុមតេក្វាន់ដូ អាយធីអែហ្វក្រសួងមហាផ្ទៃដណ្តើមបានមេដាយច្រើនជាងគេក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២២ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្រុមក្រសួងមហាផ្ទៃដណ្តើមបានមេដាយសរុប២០គ្រឿងដោយក្នុងនោះមាន មាស៨ ប្រាក់៤ និងសំរឹទ្ធ៨ ហើយក្រុមចំណាត់ថ្នាក់លេខ២បានទៅលើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយឈ្នះមេដាយសរុប១៤គ្រឿងមាន មាស២ ប្រាក់៤ និងសំរឹទ្ធ៨។សម្រាប់ក្រុមចំណាត់ថ្នាក់លេខ៣វិញបានទៅលើក្លិបយុវជនដោយឈ្នះមេដាយសរុប៥គ្រឿងគឺ មាស២ ប្រាក់៣ និងសំរឹទ្ធ០។
បើតាមរបាយការណ៍ពីងឧត្តម បួហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអេហ្វកម្ពុជា ការប្រកួទជើងឯកថ្នាក់ជាតិឆ្នាំនេះមានសមាគមក្លិបចូលរួមចំនួន១៧ មកពីរាជធានី ខេត្ត និងក្រសួងស្ថាប័ន ហើយមានកីឡាករ១៣៨នាក់ កីឡាការិនី ៤៨នាក់ សរុប១៤៥នាក់ចូលរួមប្រកួតដោយការប្រកួតចែកជា៣ផ្នែកធំៗនិងមាន២២វិញ្ញាសាជារួមមាន៖ ១-វិញ្ញាសាមេគុន មានចំនួនចំនួន៧និងមាន៤៧ប្រកួតតាមរូបមន្តវិលជុំ ជម្រុះ ២-វិញ្ញាសាបច្ចេកទេសពិសេសមាន០១និងមាន១០ប្រកួតនិងទី ៣-វិញ្ញាសាប្រយុទ្ធមាន១២ប្រភេទទម្ងន់និងមាន១០៦ប្រកួត តាមរូបមន្តវិលជុំនិងជម្រុះ។
ឯកឧត្តមអគ្គលេខាធិការសហព័ន្ធក៏បានបន្ថែមថា ដោយទទួលបានការបណ្តុះបណ្តាល វគ្គចៅក្រម អាជ្ញាកណ្តាល ជាមួយឧបករណ៍អេឡិចត្រូនិចមក បានធ្វើឲ្យការដឹកនាំការប្រកួតនៅលើទីលានមានតម្លាភាពនិងសុក្រិត្យភាពអាចទទួលយកបាន និងអាចធ្វើជាម្ចាស់ការក្នុងការដឹកនាំការប្រកួតកម្រិតអន្តរជាតិបាននាពេលខាងមុខ។ ឆ្លងតាមការប្រកួតកីឡាករ កីឡាការិនីខិតខំប្រឹងប្រែងប្រកួតដោយឈរលើស្មារតីកីឡានិងអនុវត្តបទបញ្ជាការប្រកួត ច្បាប់ល្បែងបានត្រឹមត្រូវនិងមានក្រមសីលធម៌ល្អ។
ចំណែកឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធបានវាយតម្លៃខ្ពស់ចំពោះការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នេះ ដោយកីឡាករ កីឡាការិនី បានបង្ហាញពីឆន្ទៈ និងការខិតខំប្រឹងប្រែង ព្រមទាំងការរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស។ ឯកឧត្តមរំពឹងថា ក្នុងការប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ ក្រុមតេក្វាន់-ដូ អាយធីអេហ្វកម្ពុជា នឹងអាចដណ្ដើមបានមេដាយជូនកម្ពុជាបានទៅតាមគោដៅដែលបានកំណត់។ ឯកឧត្តមក៏បាន បន្ថែមដែរថា កីឡាធ្វើឲ្យមានសាមគ្គីភាព និងភាពរឹងមាំក្នុងសង្គមផងដែរ៕