
កីឡាករថៃវាយកែងគេបែក២៤ថ្នេរត្អូញរឿងជីវភាព ក្រោយបាត់ចំណូលពីបាល់ទាត់
អតីកីឡាករ Aitsasret Noichaiboon និយាយថា គ្រួសាររបស់គេបានប្រឈមនឹងការលំបាកយ៉ាងច្រើន ដោយសារតែបាត់ចំណូលពីបាល់ទាត់ ពាក់ព័ន្ធនឹងការវាយកែងគូប្រកួតបែក២៤ថ្នេរ។
ក្រោយត្រូវបានផ្ដាច់កិច្ចសន្យាពីក្លិប Bangkok FC កីឡាករខាងលើក៏រងបម្រាម៣ឆ្នាំមិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់។ Aitsasret បានត្អូញត្អែរពីបញ្ហាជីវភាព ក្រោយបាត់បង់ចំណូលពីអាជីពលើវាលស្មៅ។
“គ្រួសារខ្ញុំ និងខ្ញុំកំពុងជួបប្រទះការលំបាក ព្រោះអីបាល់ទាត់ជាប្រភពចំណូលយ៉ាងសំខាន់។ ខ្ញុំត្រូវចិញ្ចឹមកូន៣នាក់ដែលខ្ញុំមានជាមួយអតីតប្រពន្ធ។ គេពិតជាស្ដាយចំពោះទង្វើរបស់គេ។” នេះជាការលើកឡើងរបស់ Aitsasret។
កីឡាករដដែលបង្ហើបថា ថ្មីៗនេះក្លិប្រដាល់ Petchyindee ចង់ឲ្យគេចូលហ្វឹកហាត់ដើម្បីប្រកួត ហើយគេក៏ត្រៀមខ្លួនរួចរាល់ហើយដែរ។
គួររំឭកថា Aitsasret បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការប្រកួត Thai League 3 ដោយរូបគេបានវាយកែងកីឡាករម្នាក់របស់ក្លិប North Bangkok University បណ្ដាលឲ្យបែកឈាម និងដេរ២៤ថ្នេរ។ គេត្រូវបានក្លិប Bangkok FC ផ្ដាច់កិច្ចសន្យាភ្លាមៗក្រោយការប្រកួត៕