នៅ ស្រីពៅ បង្ហើបចំណុចប្រឈមមួយក្នុងការហាត់ឃីកបុកស៊ីង
មានរយៈពេលច្រើនខែហើយដែលកីឡាការិនី នៅ ស្រីពៅ បានចូលរួមហ្វឹកហាត់ក្នុងជំរំជម្រើសជាតិ Kick Boxing ដើម្បីសម្រួចខ្លួនត្រៀមទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងប្រទេសវៀតណាម អំឡុងខែឧសភា ខាងមុខ។
សិស្សគុនក្លិបតាឡីដំរីមានឫទ្ធិចេះទាំងប្រដាល់សកល, គុនខ្មែរ និងគុនចម្រុះ តែសម្រាប់ការហ្វឹកហាត់ Kick Boxing នេះមានការលំបាកខ្លះដែរ ព្រោះវាស្រដៀងទៅនឹងការ៉ាតេ ដែលត្រូវឈរវាយច្រើន។ ដូច្នេះនាងត្រូវការហ្វឹកហាត់ខ្លាំងក្លាបន្ថែមទៀត។
យ៉ាងណា សម្រាប់ដំណើរការហ្វឹកហាត់ត្រៀមប្រចាំថ្ងៃមិនចោទជាបញ្ហាអ្វីឡើយ ព្រោះមិនត្រឹមតែហ្វឹកហាត់ជាមួយគ្រូបង្វឹកក្នុងស្រុកប៉ុណ្ណោះទេ នាពេលថ្មីៗនេះក៏មានការចូលរួមជួយជ្រោមជ្រែងពីគ្រូបង្វឹកជនជាតិចិនដែលធ្លាប់មានបទពិសោធប្រកួតលក្ខណៈ Kick Boxing ពីមុនមកដែរ។
នៅ ស្រីពៅ ទទូចថា សប្បាយចិត្តដែលបានជាប់តំណាងប្រទេសទៅកាន់ការប្រកួតដ៏ធំប្រចាំតំបន់នេះ។ នាងប្ដេជ្ញាថា នឹងយកលទ្ធផលល្អត្រលប់មកកាន់ទឹកដីកំណើតវិញ។
គួរដឹងដែរថា នៅ ស្រីពៅ ធ្លាប់ចូលរួមប្រកួតស៊ីហ្គេមម្ដងហើយកាលឆ្នាំ២០១៩ លើប្រភេទប្រដាល់សកល និងទទួលបានមេដាយសំរឹទ្ធមួយនៅហ្វីលីពីន៕