មូលហេតុ ឈុត សេរីវាន់ថង មិនបានជួប តាញ់ មករា ក្នុងសប្តាហ៍នេះ
កាលពីសប្តាហ៍មុនជំនួបលើកទី២រវាងអ្នកប្រដាល់គុនខ្មែរ ឈុត សេរីវាន់ថង ជាមួយ តាញ់ មករា ត្រូវខកខានមិនបានជួបគ្នាបន្ទាប់ពីកម្មវិធីប្រដាល់ត្រូវផ្អាក ខណៈសប្តាហ៍នេះកម្មវិធីប្រដាល់បានបើកដំណើរឡើងវិញស្របពេលគូប្រកួត ដែលខកខានកាលពីសប្តាហ៍មុនត្រូវបន្តជួបគ្នាក្នុងសប្តាហ៍នេះ ប៉ុន្តែគូដែល តាញ់ មករា ជួប ឈុត សេរីវាន់ថង មិនបានប្រកួតនោះទេដោយសារតែ វាន់ថង មានបញ្ហាសុខភាព ។
លោក ឈុត សេរី ដែលឪពុករបស់ ឈុត សេរីវាន់ថង បានប្រាប់ MSR SPORT ថា វាន់ថង មិនបានប្រកួតជាមួយ តាញ់ មករា នោះទេដោយសារតែរូបគេមានបញ្ហាសុខភាពដោយមានបញ្ហាក្រពះមិនអាចហាត់បាន ដូចនេះ វាន់ថង សម្រេចមិនប្រកួតតែម្តង ។ លោក បន្ថែមថា ការពិតកូនប្រុសរបស់លោកចាប់ផ្តើមមានបញ្ហាសុខភាពតាំងពីត្រៀមប្រកួតកាលពីសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែរូបគេចេះតែព្យាយាមហ្វឹកហាត់ធ្វើអោយបញ្ហាជំងឺកាន់តែកើតខ្លាំង ព្រោះរូបមិនចង់ខកខានប្រកួតមិនចង់ផ្លាស់ប្តូរ ប៉ុន្តែជិតដល់ថ្ងៃប្រកួតក៏ផ្អាកទៅវិញ ហើយទើបកម្មវិធីវិលមកវិញលោកក៏ជូនដំណឹងទៅខាងស្ថានីយ៍មិនអាចប្រកួតបាន ។ ម្ចាស់ក្លិប រាហ៊ូកីឡាខេត្តបាត់ដំបង បញ្ជាក់ថា គ្រូពេទ្យអោយ វាន់ថង សម្រាកពី ១៥ ថ្ងៃទៅ ១ ខែទើបអាចហាត់នឹងប្រកួតវិញបាន ដូចនេះលោកមិនទាន់ដឹងច្បាស់ថារូបគេបានឡើងសង្វៀនវិញក្នុងពេលណានោះទេ ។
សូមបញ្ជាក់ថា ឈុត សេរីវាន់ថង ធ្លាប់ឈ្នះពិន្ទុ តាញ់ មករា ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ISI Palm ហើយពួកគេទាំងពីរត្រូវបានអ្នកគាំទ្រជាច្រើនចង់អោយប៉ះគ្នាសារថ្មី ខណៈ តាញ់ មករា ក៏ធ្លាប់ស្នើសុំជួប វាន់ថង ម្តងទៀតផងដែរ ប៉ុន្តែការរៀបចំលើកទី១ត្រូវបានខកខាន ហើយលើកនេះក៏បន្តមិនបានជួបទៀត ដោយគូរបស់គេត្រូវបានផ្លាស់ប្តូរទាំងពីរនាក់តែម្តង ដោយជំនួសមកវិញ ឃីម បូរ៉ា ប៉ះ សុខ សាវិន ៕

ឈុត សេរីវ៉ាន់ថង និងឳពុក ឈុត សារី