អតីតអ្នកប្រដាល់ខ្មែររស់ពឹងផ្អែកលើគុនខ្មែរនៅទឹកដីសហរដ្ឋអាមេរិក
រយៈពេល ៤១ឆ្នាំមកហើយ ដែលលោក ខាន់យ៉ា ប្រាជ្ញ បានចាកចេញពីប្រទេសកំណើត ហើយបានចាប់ផ្តើមជីវិតថ្មីនៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសកម្ពុជាត្រូវយាយីដោយរបបប្រល័យពូជសាសន៍។ មានជំនាញផ្នែកក្បាច់គុន លោកខាន់យ៉ា គឺជាគ្រូបង្វឹកក្បាច់គុនល្បុកតោ ប្រដាល់សេរី គុនខ្មែរ ម៉ុយថៃ MMA និង ក្បាច់គុនការពារខ្លួន នៅទីក្រុង San Francisco សហរដ្ឋអាមេរិក។ សាលាគុន Prach Bokator នៅសហរដ្ឋអាមេរិក ដែលបង្វឹកដោយលោកខាន់យ៉ា បានបណ្តុះបណ្តាលសិស្សដែលជាជនជាតិបរទេស និងជនជាតិខ្មែរជាច្រើនពាន់នាក់ រហូតមានភាពល្បីល្បាញដល់បណ្តាសារព័ត៌មាននានានៅទីនោះ។ លោកបានសង្កត់ធ្ងន់ថា ដោយសារតែក្បាច់គុនខ្មែរនេះហើយ ដែលធ្វើឲ្យលោកបានរស់រានមានជីវិត។ លោកនិយាយថា “ការដែលខ្ញុំបង្ហាត់គុនខ្មែរ ល្បុកតោ ខ្ញុំមិនចង់បានអ្វីនោះទេ ប៉ុន្តែដោយសារខ្ញុំដោយឥតព្រៀងទុកបានរៀនគុនខ្មែរតាំងពីក្មេង ខ្ញុំត្រូវតែឲ្យគេដឹងថាគុនខ្មែរយ៉ាងម៉េច ព្រោះខ្ញុំរស់គឺដោយសារក្បាច់គុនខ្មែរ”។
នៅក្នុងជំនួបជាមួយទស្សនាវដ្តី សូវរីន ក្នុងឱកាសត្រលប់មកវិញជាលើកដំបូងមកប្រទេសកម្ពុជា បន្ទាប់ពីរយៈពេលដ៏យូរ លោកខាន់យ៉ា ដែលមានវ័យ ៥៨ឆ្នាំ បានរៀបរាប់ពីប្រវត្តិនៃការសិក្សាក្បាច់គុនរបស់លោក និងគម្រោងលើកស្ទួយវិស័យកីឡាឲ្យបានកាន់តែប្រសើរជាងមុន ដល់ជនជាតិខ្មែរទាំងអស់។ មានស្រុកកំណើតនៅខេត្តបាត់ដំបង លោកខាន់យ៉ាគឺជាកូនទី៥ក្នុងចំណោមបងប្អូន ១១នាក់។ លោកនិយាយថាលោកគឺជាក្មេងដែលរៀនពូកែម្នាក់ ដែលហេតុនេះហើយបានធ្វើឲ្យលោកមានអារម្មណ៍ធុញទ្រាន់នឹងការរៀនមេរៀនតាមកម្មវិធីសិក្សានៅក្នុងថ្នាក់។ ដោយសារតែការមិនសូវមានចំណង់ចំណូលក្នុងការសិក្សារនៅសាលានេះហើយទើបធ្វើឲ្យលោកតែងតែទៅមើលគេសម្តែងល្ខោនជារៀងរាល់ថ្ងៃ។ លុះដល់ដំណឹងនេះដឹងដល់ក្រុមគ្រួសាររបស់ខាន់យ៉ា ទើបធ្វើឲ្យម្តាយរបស់លោកកើតក្តីក្រេវក្រោធ ហើយសម្រេចបញ្ជូន ខាន់យ៉ា ទៅខេត្តសៀមរាប ដោយបានឲ្យស្នាក់អាស្រ័យនៅជាមួយព្រះសង្ឃ។ គ្រាដែលរស់នៅក្នុងអារាមនៅខេត្តសៀមរាបនេះហើយដែលកុមារខាន់យ៉ា ចាប់ផ្តើមរៀនអក្សរ និងមានឱកាសរៀននូវគុនខ្មែរតែម្តង។ កាលពីកុមារភាពលោកខាន់យ៉ា តែងតែឡើងបង្ហាញក្បាច់គុនដែលខ្លួនរៀន នៅក្នុងកម្មវិធីនានាខណៈដែលបានរស់នៅក្នុងខេត្តសៀមរាប ដែលនេះជាការចាប់ផ្តើមបោះជំហានក្នុងអាជីពជាអ្នកសម្តែងក្បាច់គុនរបស់កុមារ ខាន់យ៉ា។ ក្រៅពីរស់នៅក្នុងអារាមនាខេត្តសៀមរាប លោកត្រូវបញ្ជូនទៅរស់នៅជាមួយអ៊ំប្រុសនៅទឹកដីកម្ពុជាក្រោមបន្តទៀត ដើម្បីទទួលការទូន្មានឲ្យក្លាយជាក្មេងល្អ។ ហាក់ដូចជាមានការកំណត់ទុក អ៊ំប្រុសរបស់កុមារខាន់យ៉ា គឺជាគ្រូល្បីជំនាញក្បាច់គុនល្បុកតោមួយរូប នៅលើទឹកដីកម្ពុជាក្រោម។ លោកខាន់យ៉ា ក្រៅពីទទួលការទូន្មានពីអ៊ំប្រុស ក៏បានសុំផ្ទេរចំណេះក្បាច់គុនល្បុកតោទុកជាទុនការពារខ្លួន។
ជាអកុសល នៅពេលដែល ខាន់យ៉ា ត្រលប់មកខេត្តបាត់ដំបងវិញ របបខ្មែរក្រហមបានចូលមកបំផ្លាញប្រទេសកម្ពុជា។ លោកត្រូវភៀសខ្លួនទៅរស់នៅក្នុងជំរុំខាវអ៊ីដាង ដែលពេលនោះហើយដែលធ្វើឲ្យ លោកចាប់ផ្តើមអាជីពជាអ្នកប្រដាល់ដើម្បីរកកម្រៃចិញ្ចឹមជីវិតខ្លួននិងគ្រួសារ។ លោកខាន់យ៉ា ត្រូវក្លែងជាជនជាតិថៃ ហើយធ្វើពុតជាគ ដើម្បីបានឡើងប្រកួតនៅតាម បារ និងកម្មវិធីផ្សេងៗនៅប្រទេសថៃ។ ដោយសារតែមានស្នាដៃក្នុងការប្រដាល់ខ្ពស់នេះទើបអាចផ្តួលគូប្រកួតឲ្យសន្លប់មិនដែលខាន រហូតជនជាតិថៃ បានដាក់រហ័សនាមឲ្យលោកថា Black Stone Hands។ រយៈពេលខ្លីកន្លងទៅ អ្នករស់នៅជំរុំខាវអ៊ីដាង ត្រូវបានជ្រើសរើសឲ្យទៅរស់នៅប្រទេសអាមេរិក រួមទាំងលោក ខាន់យ៉ាប្រាជ្ញ និងគ្រួសារផងដែរ។
លោកនិយាយថា “និយាយតាមត្រង់ខ្ញុំមិនចង់ទៅស្រុកគេសោះ ទោះស្រុកខ្មែរយើងពិបាកយ៉ាងម៉េច ស្លាប់បងប្អូនយ៉ាងម៉េច វេទនាយ៉ាងម៉េច ខ្ញុំកូនខ្មែរ ឈាមខ្មែរ ខ្ញុំមិនចង់ទៅទាល់តែសោះ”។ ប៉ុន្តែដោយសារមានការទទូចសុំពីម្តាយ និងគ្រួសារ ទើបលោកត្រូវបង្ខំចិត្តចាកចេញពីប្រទេស។ រំលឹកដល់ពេលចាកចេញពីប្រទេស លោកបន្តថា “ពេលទៅដល់កន្លែងយន្តហោះ ខ្ញុំមិនចង់ឡើងសោះ។ ខ្ញុំងាកមើលក្រោយ ខ្ញុំនឹកស្រុកខ្មែរ ខ្ញុំយំ។ ពេលដែលឡើងយន្តហោះ ខ្ញុំមើលតាមបង្អួចយន្តហោះមកក្រោមទាល់តែមើលលែងឃើញ”។ លោកបន្តថា ការរស់នៅរយៈពេលប្រមាណ ជាង៣០ឆ្នាំនៅសហរដ្ឋអាមេរិក លោកតែងឡើងប្រដាល់ និង បង្ហាត់អ្នកដែលចង់ហាត់ក្បាច់គុនខ្មែរគ្រប់ទីកន្លែងនៅសហរដ្ឋអាមេរិក មុននឹងបើកកន្លែងបង្ហាត់ផ្ទាល់ខ្លួន ក្នុងគោលបំណងបង្ហាញក្បាច់គុនខ្មែរ ល្បុកតោ ឲ្យបរទេសបានដឹង។ រយៈពេលជាច្រើនឆ្នាំ នៅសហរដ្ឋអាមេរិកធ្វើឲ្យលោក នឹករលឹកប្រទេសកំណើតក្រៃលែង ប៉ុន្តែដោយសារតែភាពមមារញឹក ក្នុងការងារជាវិស្វករសំណង់ផង និងជាគ្រូបង្វឹកក្បាច់គុនផង ទើបលោកមិនមានឱកាសត្រលប់មកកម្ពុជាបាន។ ផ្គួបនឹងស្នាមញញឹមលើផ្ទៃមុខ លោកខាន់យ៉ាប្រាជ្ញ ពោលថា លោកសប្បាយចិត្តជាខ្លាំងពេលដែលមានឱកាសត្រលប់មកកម្ពុជាវិញ ដើម្បីជួយប្រទេសកំណើតរបស់ខ្លួន។ លោករំលឹកថា “ក្នុងគំនិតខ្ញុំតាំងពីពេលមុនដល់ឥឡូវ ខ្ញុំគិតថាទោះយ៉ាងម៉េចក៏ដោយខ្ញុំត្រូវត្រលប់មកស្រុកខ្មែរវិញព្រោះនេះជាដីរបស់ខ្ញុំ បងប្អូនខ្ញុំ ជាតិខ្ញុំ ហើយពេលនេះខ្ញុំនៅទីនេះ”។ ជាមួយនឹងទស្សនកិច្ចលើកដំបូងនេះ លោក ខាន់យ៉ា នឹងជួយជ្រោមជ្រែងក្នុងការជ្រើសរើស អ្នកមាននិស្ស័យក្នុងកីឡា ដើម្បីហ្វឹកហាត់បន្ថែមសម្រាប់ត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក។ លោកខាន់យ៉ា ក៏ត្រៀមខ្លួនធ្វើជាអ្នកបង្វឹកកីឡាករខ្មែរ ដើម្បីត្រៀមធ្វើជាបេក្ខភាពចូលរួមប្រកួតកីឡាអូឡាំពិកផងដែរ។ បំណងមួយទៀតនោះ គឺសិក្សាពីលទ្ធភាពក្នុងការបើកកន្លែងបង្ហាត់កីឡាគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជាយើងផងដែរ៕ ប្រភព៖ sovrinmagazine