ពានកីឡាករល្អ គ្រូល្អ ប្រចាំខែកុម្ភៈបានមកលើសមាជិក ភ្នំពេញក្រោន ទាំងអស់
យោងតាមគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC បានប្រកាសអំពីកីឡាករល្អ គ្រូល្អ ប្រចាំខែ កុម្ភៈ ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នារដូវកាល២០២០ ប្រគល់ជូនកីឡាករនីហ្សេរីយ៉ា Timothy រួមជាមួយលោក ស៊ុំ វណ្ណា ដោយលុទ្ធតែនៅក្លិបបាល់ទាត់ ភ្នំពេញក្រោន បន្ទាប់ពីអ្នកទាំងពីរធ្វើបានយ៉ាងល្អក្នុងការជួយក្រុមឱ្យឈរនៅកំពូលតារាង ដោយមិនទាន់ចាញ់នា ៥ ប្រកួតដំបូងកន្លងមកនេះ។
ក្នុងនោះដែរ ខ្សែប្រយុទ្ធមាឌធំបាននិយាយថា៖ « វាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ ដែលខំប្រឹងធ្វើការហ្វឹកហាត់ខ្លាំងជាមួយភ្នំពេញក្រោន និងជួយមិត្តរួមក្រុមក្នុងការទទួលបានជ័យជម្នះ ។ ខ្ញុំសប្បាយចិត្ត និងរំភើបដែលទទួលបានពានមួយនេះ ខ្ញុំនឹងខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងបន្ថែមទៀត » ។ សម្រាប់ការប្រគល់ពាននេះដែរលោក ស៊ុំ វណ្ណា ដែលជាគ្រូបង្គោល ភ្នំពេញក្រោន ក៏បានឈ្នះពានគ្រូល្អប្រចាំខែ កុម្ភៈ នេះដូចគ្នា ដោយការដឹងនាំ ៥ ប្រកួតក្នុងលីគមិនទាន់របូតគ្រាប់បាល់ នឹងមិនទាន់ស្គាល់បរាជ័យឡើយ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ខាងលើនេះត្រូវបានធ្វើឡើងជារៀងរាល់ខែ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ក្រៅពីពាននេះក៏នៅមានពានកីឡាករល្អប្រចាំសប្តាហ៍ផងដែរ ខណៈការប្រកួតនាសប្តាហ៍ទី៦ ត្រូវបានពន្យាពេលមិនទាន់មានការកំណត់ថ្ងៃវិលមកវិញ ដោយសារបញ្ហាជំងឺកូវីដ-១៩ កំពុងរីករាលដាលទូទាំងសកលលោក ស្របពេលដែលព្រះរាជជាណាចក្រកម្ពុជាក៏កំពុងកើតមានផងដែរ៕