អេ ភូថង៖ ជីវិតខ្ញុំល្អប្រសើររាល់ថ្ងៃដោយសារគុនខ្មែរ
អតីតកំពូលអ្នកប្រដាល់គុនខ្មែរ អេ ភូថង បានបង្ហាញអារម្មណ៍សប្បាយចិត្តសម្រាប់ការចាប់អាជីពជាអ្នកប្រដាល់គុនខ្មែរតាំងពីក្មេងរហូតដល់មានការងារក្នុងវិស័យមួយនេះមកដល់បច្ចុប្បន្នដែលធ្វើអោយជីវភាពក្នុងគ្រួសារបានរស់នៅស្រូលខុសពីកាលនៅក្មេងដែលស្ថិតក្នុងភាពក្រីក្រខ្លាំង ។
គ្រូបង្វឹកនៅក្លិបអេភូថងកីឡាបានសរសេរក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ ប្រដាល់តាំងពីរតូចហាត់គុនខ្មែរតាំងពីរតូចតាំងពីជីវភាពក្រីក្រធ្វើអោយខ្ញុំស្គាល់គុនខ្មែរគុនខ្មែរធ្វើអោយខ្ញំមានជីវភាពប្រសើរឡើង គុនខ្មែរធ្វើអោយខ្ញុំស្គាល់សឹងគ្រប់ប្រទេស ដោយសារក្បាច់គុននេះហើយដែលធ្វើអោយអ្នកគាំទ្រស្រឡាញ់នឹងចូលចិត្តខ្ញុំ ខ្ញុំសូមអគុណប្រិយ៍មិត្តធំៗទោះបីខ្ញុំចាស់ក៏ដោយខ្ញុំនឹងបន្តការងារដែលខ្ញុំស្រឡាញ់ហើយចូលចិត្តគុនខ្មែរ ជាពិសេសសូមអគុណដល់អ៊ុំ យុទ្ធភូថង ដែលបានធ្វើអោយខ្ញុំស្គាល់គុនខ្មែរហើយនឹងលោកឯកឧត្ថមតែម មុឺន.នឹងប្រិយ៍មិត្តដែលបានគ្រាំទ្រខ្ញុំសូមជូនពរឆ្នាំនេះអោយសំណាងល្អសុខភាពល្អនឹងប្រកបមុខរបរអោយដូចបំណងប្រាថ្នាទាំងអស់គ្នា ។
បច្ចុប្បន្នលោកអេ ភូថង មានក្លិបប្រដាល់របស់ខ្លួនដែលមានឈ្មោះថា អេភូថងកីឡា ហើយលោកក៏ជាសមាជិកគណៈកម្មការ ចៅក្រម និងអាជ្ញាកណ្តាលរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា និងមានឈ្មោះក្នុងជួរ ទាហ៊ានរបស់ក្រសួងការពារជាតិផងដែរ ។
អេ ភូថង បានចាប់ផ្តើមហាត់ប្រដាល់តាំងពីក្មេងជាមួយឪពុក ហើយក្រោយមកដោយមានការជួយជ្រំជ្រែងនិងឧបត្ថម្ភ ពីឯកឧត្ដម យុទ្ធ ភូថង អភិបាលខេត្តកោះកុង លោកក៏បានចេញប្រកួតជាញឹកញាប់តាំងពីអាយុ១៧ឆ្នាំ រហូតបានក្លាយជាកីឡាករដ៏ល្បី។ ឆ្នាំ១៩៩៦ លោកបានផ្លាស់មកកាន់ក្លិបប្រដាល់កងយុទ្ធពលខេមរៈភូមិន្ទ នៅរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ន និងបានក្លាយជាគ្រូបង្វឹកដ៏ល្បីមួយរូបផងដែរ៕