លោក ស៊ីថូ ណាថាន់ និយាយថាបើវៃជិតអាសង្ហាឈ្នះ បើវៃឆ្ងាយ កង មឿងឆាង ឈ្នះ
កំពូលអ្នកប្រដាល់គុនខ្មែរ ឡៅ ចន្រ្ទា ដែលប៉ុន្មានថ្ងៃនេះមានការចាប់អារម្មណ៌ច្រើនក្នុងជំនួបប្រកួតជាមួយកីឡាករគុនថៃ កង មឿងឆាង ក្នុងកម្មវិធីគោជល់ នាចុងសប្តាហ៍ថ្ងៃសៅរ៍ខាងមុខនេះ ស្របពេលដែលជនរួមជាតិជាច្រើនបានបញ្ចេញទស្សនៈរៀងៗខ្លួនថា ឡៅ ចន្រ្ទា នឹងឈ្នះមួយរយភាគរយ អ្នកខ្លះថាមិនឈ្នះកីឡាករថៃនេះទេ…។
ជាមួយគ្នានេះលោក ស៊ីថូ ណាថាន់ ប្រធានកីឡាCBS ក៏បានបញ្ចេញទស្សនៈលោកផ្ទាល់ដែលថា ប្រសិនបើវៃជិត អាង្ហានឹងឈ្នះ តែបើវៃឆ្ងាយ កង មឿងឆាង នឹងឈ្នះវិញ។ ចំពោះមូលហេតុនេះដែរ លោកបានបន្ថែមថា ដោយយោងទៅលើការប្រកួតរបស់កីឡាករថៃរូបនេះជាមួយ រឿង សោភ័ណ្ឌ កន្លងមកឃើញថាថៃរូបនេះពូកែប្រើប្រាស់ជើងឆ្វេងទាត់បានល្អ ពិសេសត្រង់កន្លៀកខ្អមនឹងម្តុំឆ្អឹងជំនី ដូច្នេះហើយទើបលោកហ៊ាននិយាយថា បើវៃឆ្ងាយគឺ កង មឿងឆាង នឹងមានព្រាបជាង។
ចំណែក ឡៅ ចន្រ្ទា វិញលោក ណាថាន់ ក៏បាននិយាយដែរថា មិនមែនថាអាសង្ហាគុនខ្មែរមិនចេះទាត់នោះទេ តែដោយសារឃើញការប្រកួតកន្លងមក ចន្រ្ទា ភាគច្រើនតែងតែផ្តួលឲ្យដៃគូសន្លប់ដោយសារកណ្តាប់ដៃ និងកែងច្រើនជាង ដូចនេះប្រើសិនបើ ឡៅ ចន្រ្ទា ប្តូរទាត់ជាមួយ កង មឿងឆាង នោះអាសង្ហារបស់យើងនឹងពិបាក តែបើប្តូរដៃហើយនឹងកែងវិញ អាសង្ហានឹងមានព្រាបជាងវិញ។
សូមបញ្ជាក់ថា ឡៅ ចន្រ្ទា នឹងត្រូវប្រកួតជាមួយកីឡាករថៃ កង មឿងឆាង ក្នុងកម្មវិធីគោជល់ នាសង្វៀនCNC ដោយចាប់ផ្តើមផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ ទី៥ ខែមករានេះ វេលាម៉ោង៦ល្ងាចតទៅ៕