ម្ចាស់ខ្សែក្រវាត់ WBC កូនខ្មែរ Eric Pen បន្តផ្តួលដៃគូត្រឹមទឹក១ក្នុងការប្រកួតនៅ ហ្វីលីពីន
កូនខ្មែរកាត់អាមេរិក អេរិក ប៉ែន ដែលជាម្ចាស់ខ្សែក្រវាត់ WBA ASIA South បានបន្តរក្សាកំណត់ប្រកួតមិនដែលចាញ់បន្ទាប់ពីបានផ្តួលកីឡាករឥណ្ឌូនេស៊ី David Koswara ត្រឹមទឹកទី១ ក្នុងការប្រកួតកម្មវិធី HIGHLAND INTERNATIONALBOXING PROMOTIONS ដែលធ្វើឡើងក្នុងប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៩ នេះ ។
នេះជាការឈ្នះលើកទី៤ហើយសម្រាប់អ្នកប្រដាល់សកលអាជីពដែលមានម្តាយរស់នៅខេត្តកំពតរូបនេះ ដោយការប្រកួតរបស់គេនាពេលកន្លងមក ឈ្នះកីឡាករថៃ Rewat Khanom នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ឈ្នះកីឡាករ Kacha Srikong នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅសង្វៀន Ram 100 Thai Boxing Stadium ក្នុងក្រុងបាងកក ប្រទេសថៃ ។ កីឡាករកូនខ្មែររូបនេះបានបន្តដណ្តើមបានជើងឯក WBA ASIA South Heavyweight លើកីឡាករឥណ្ឌូនេស៊ី Satria Antasena នៅក្នុងទឹកទី១ នៅសង្វៀនក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ។
កីឡាករប្រដាល់សកល អេរីក ប៉ែន ភារុន កេីតនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក អេរីក ប៉ែន ភារុន បានចាប់ផ្តេីមហាត់ប្រដាល់ដំបូងក្នុងឆ្នាំ២០១៤ នៅក្នុងក្លឹប Saigon Sports Club លក្ខណៈកម្សាន្ត និងសុខភាពប៉ុណ្ណោះ តែបានវិវត្តន៍ក្លាយជាកីឡាករអាជីពក្នុងខែសីហា ឆ្នាំ២០១៨ ៕