លោក ស៊ន អេលីត ប្រាប់មូលហេតុដែល អេលីត ចំរើន ដកបេក្ខភាពចេញពីគោជល់!
ព្រឹត្តិការណ៍ដ៏អស្ចារ្យ គឺជាការប្រកួតក្នុងកម្មវិធី “អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” ដែលធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី បានប្រមូលកំពូលជើងខ្លាំងចំនួន៨រូបមកប្រកួតដណ្តើមខ្សែក្រវ៉ាត់ ហើយអ្នកឈ្នះក៏ទៅបន្តប្រកួតដណ្តើមខ្សែក្រវ៉ាត់មួយវគ្គទៀតជាមួយ ឃីម បូរ៉ា បានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ តែអ្វីដែលស្តាយបំផុតនោះគឺ ការអវត្តមានរបស់កីឡាករ អេលីត ចំរើន! មុនតំបូងខាងស្ថានីយ៍បានបង្ហោះមានវត្តមាន អេលីត ចំរើន ជាបេក្ខភាពប្រកួតប្រជែងផងដែរ តែក្រោយមកក៏អវត្តមានវិញ ដោយចូលជំនួយដោយកីឡាករ សោម វិច្ឆ័យ ។ ក្នុងនោះក៏មានប្រិយ៍មិត្តជាច្រើនមានការងើងឆ្ងល់ចំពោះការដកបេក្ខភាពរបស់ អេលីត ចំរើន!
បើយោងតាមការសាកសួររបស់ក្រុមការងារ MSR SPORT ជាមួយលោកគ្រូ ស៊ន អេលីត ដែលជាម្ចាស់ក្លឹបកងអង្គរក្ស បានប្រាប់ក្រុមការងារឲ្យដឹងថា៖ លោកក៏មានការសោកស្តាយចំពោះការអវត្តមានកូនសិស្សរបស់លោក អេលីត ចំរើន ក្នុងការចូលរួមប្រកួតប្រជែងដណ្តើមខ្សែក្រវ៉ាត់គោជល់ផងដែរ។ តាមពិតទៅ ទាំងលោក ទាំងកីឡាករផ្ទាល់ មិននឹកស្មានថា ចំរើន មានបញ្ហារបួសសរសៃជង្គង់ដល់ថ្នាក់នេះទេ ក្នុងនោះគ្រូពេទ្យបានតម្រូវអោយ ចំរើន សម្រាកមិនហ្វឹកហាត់រយៈពេលជាង១ខែ ដូច្នេះហើយទើបលោកបានរាយការណ៍ប្រាប់ស្ថានីយ៍ និងសុំដកបេក្ខភាពកូនសិស្សរបស់លោកចេញវិញ។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតដណ្តើមខ្សែគោជល់ក្នុងកម្មវិធី “អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” និងចំណាយពេលវេលាជាង៣ខែ ដើម្បីរកម្ចាស់ជើងឯកពិតប្រាកដទៅប្រកួតដណ្តើមខ្សែក្រវ៉ាត់ជាមួយ ឃីម បូរ៉ា នៅវគ្គចុងក្រោយ៕