ខ្លាចាស់ ភុំ សារ៉ាយ ពេញចិត្តសមត្ថភាពអ្នកប្រដាល់ជំនាន់ក្រោយម្នាក់
ផល សោភ័ណ្ឌ ត្រូវបានរៀមច្បង ភុំ សារ៉ាយ ចាត់ទុកជាកីឡាករដ៏ឆ្នើមមួយរូបដែលមានបច្ចេកទេសវាយច្បាស់ និងចេះបត់បែនតាមចង្វាក់របស់គូប្រកួត។ មិនតែប៉ុណ្ណោះ សោភ័ណ្ឌ ក៏អាចវាយជាមួយបានមិនថា អ្នកខ្ពស់ ឬអ្នកទាប។
ភុំ សារ៉ាយ លម្អិត “៖ ផល សោភ័ណ្ឌ វាយច្បាស់ល្អ! វ៉ៃក្បាច់ តាមចង្វាក់គូតស៊ូ ខ្ពស់ក៏វាយបាន ទាបក៏វាយបាន ចេះបត់បែនតាមកាលៈទេសៈ។ ជង្គង់អីក៏គេវាយបានដែរ។ គេល្អ។”
ដោយឡែក ទោះស្ថិតក្នុងវ័យ៤៥ឆ្នាំទៅហើយ ភុំ សារ៉ាយ នៅតែបន្តអាជីពគុនខ្មែរ ក្រោយផ្អាកសកម្មភាពច្រើនឆ្នាំ។
កីឡាករជើងចាស់រូបនេះបច្ចុប្បន្នកំពុងហ្វឹកហាត់នៅក្លិបការិយាល័យទី៥កងទ័ពជើងគោកដែលមានលោក ម៉ាង ម៉ន ជាគ្រូបង្វឹក។
សារ៉ាយ អះអាងថា ចង់បន្តអាជីពលើរេញនេះ២ឆ្នាំទៀត ជាពិសេសចង់សម្រេចគោលដៅឈ្នះខ្សែក្រវាត់ជាលើកដំបូង ខណៈបច្ចុប្បន្នគេបានចូលរួមការប្រកួតជម្រុះខ្សែក្រវាត់មួយនៅសង្វៀន CBS។ ក្នុងការវិលមកសង្វៀន សារ៉ាយ បានប្រឹងប្រែងហ្វឹកហាត់ និងរក្សាកម្លាំងយ៉ាងល្អ ហើយប្ដេជ្ញាធ្វើអស់ពីសមត្ថភាព។
ភុំ សារ៉ាយ ចាប់ហ្វឹកហាត់ប្រដាល់តាំងពីអាយុ៦ឆ្នាំជាមួយឪពុកខ្លួនដែលជាជនជាតិខ្មែរ នៅលើទឹកដីខាងម្ដាយ។ បើនិយាយពីការប្រឡូកសង្វៀននៅស្រុកខ្មែរវិញ កីឡាករជើងចាស់រូបនេះបានប្រកួតតាំងពីជាង២០ឆ្នាំមុនឯណោះ៕