សូត្រ ខេវិន ចិញ្ចឹមចិត្តចង់ជួប ម៉ឺន មេឃា ដើម្បីសងសឹកឲ្យប្អូនរបស់ខ្លួន!
រឿងរ៉ាវមានដូចតទៅ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងកម្មវិធីជើងឯកប៉ះគ្នារបស់ ស៊ីអិនស៊ី ម៉ឺន មេឃា បានវ៉ៃឲ្យ សូត្រ វាសនា សន្លប់ធំក្នុងទឹកទី២ ហើយការសន្លប់របស់ វាសនា បានធ្វើកូនប្រុសរបស់លោក សួន ប៊ុនសូត្រ ដេកពេទ្យពេញមួយយប់ទើបអាចត្រឡប់ទៅផ្ទះវិញបាន។ ទឹកចិត្តជាបងប្រុស ពេលដែលឃើញរូបភាពប្អូនបែបនេះ បានធ្វើឲ្យ សួន ចាន់នី និង សូត្រ ខេវិន ខឹងយ៉ាងខ្លាំងចង់ឡើងវ៉ៃសងសឹកជំនួសប្អូនរបស់ខ្លួន តែមិនអាចទៅរួច ដោយសារតែគីឡូខុសគ្នា ពោលគឺ ម៉ឺន មេឃា ប្រកួតលើប្រភេទទំងន់ ៦០ ចំណែកឯ សូត្រ ខេវិន ប្រកួតលើប្រភេទទំងន់ ៦៣កន្លះ។ រឿងមួយទៀតដែលមិនអាចនោះគឺ ខេវិន មិនអាចធ្វើគីឡូមក៦០បានទេ ដោយសារតែមាឌ និង ឆ្អឹងធំ តែបើ មេឃា អាចតម្លើងគីឡូបាន តែបើទោះបីជាតម្លើងគីឡូក៏លោក អេ ភូថង ដែលត្រូវជាឪពុកក៏មិនយល់ព្រមដែរ ព្រោះធ្វើបែបនេះអាចធ្វើអោយខូចគីឡូរបស់ មេឃា។

ម៉ឺន មេឃា និង សូត្រ ខេវិន
ម្លោះហើយជំនួបរវាង សូត្រ ខេវិន និង ម៉ឺន មេឃា ប្រហែលជារាងយូរបន្តិចទើបអាចជួបគ្នាបាន ដរាបណាកូនប្រុសរបស់លោក អេ ភូថង តម្លើងគីឡូមកប្រកួត ៦៣កន្លះ។ ហើយសម្រាប់ ខេវិន វិញនៅតែចិញ្ចឹមចិត្តរងចាំជានិច្ចថា ថ្ងៃណាមួយនឹងមានឳកាសជួបគ្នាជាមិនខាន៕