ផល សោភ័ណ្ឌ និយាយអំពីយុទ្ធសាស្រ្តថ្មីដែលប្រកួតឈ្នះ ហ្វុនលួង
ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ បានធ្វើឲ្យទស្សនិកជនដែលគាំទ្រគុនខ្មែរសាទរយ៉ាងខ្លាំង បន្ទាប់ពីបានប្រកួតឈ្នះកីឡាករថៃប្រកួតមិនដែលចាញ់ក្នុងទឹកដីកម្ពុជា ហ្វុនលួង ដោយពិន្ទុ។ ពិតណាស់មុនការប្រកួតមកដល់ ត្រូវបានមជ្ឍដ្ឋានជាច្រើនយល់ថា ផល សោភ័ណ្ឌ និង មិនអាចប្រកួតឈ្នះ ហ្វុនលួង បាននោះទេ តែផ្ទុយមកវិញកូនសិស្សរបស់លោកគ្រូតា ញ៉ូវ ម៉ាក រូបនេះគឺអាចធ្វើបាន។
បើយោងតាមការសំភាសន៍ជាមួយក្រុមការងារ MSR ផល សោភ័ណ្ឌ បាននិយាយប្រាប់ថា៖ រូបគេបានសិក្សា និង តាមដានរាល់សកម្មភាពប្រកួតរបស់ ហ្វុនលួង ក្នុងនិងក្រៅស្រុកតាមរយៈ YouTube ម្យ៉ាញវិញទៀតដោយមានចិត្តចង់ឈ្នះកីឡាករថៃរូបនេះ រូបខ្លួនត្រូវតែប្រឹងប្រែងហ្វឹកហាត់អោយខ្លាំង សិក្សាអំពីក្បាច់ប្រកួតរបស់គេឲ្យច្រើន មានន័យថា នៅពេលដែលប្រកួតនៅលើសង្វៀនគឺ រូបខ្លួនមិនចេះតែចេញអាវុធផ្តេសផ្តាស់ ព្រោះថៃរូបនេះពូកែខាងវៃសង ដូច្នេះហើយទើបរូបគេចូលចិត្តបញ្ឆោត ហ្វុនលួង ឲ្យចេញមុនទើបរូបគេព្យាយាមវ៉ៃសងតាមក្រោយ។ កូនសិស្សនៅក្លឹបតាឡីដំរីមានរិទ្ធរូបនេះក៏និយាយបន្ថែមទៀតថា ហ្វុនលួង ឥឡូវនេះល្អជាងពីមុនឆ្ងាយ ទាំងជំហររឹង ទាំងកំលាំង ព្រមទាំងមានស្ទុះខ្លាំង តែដោយសាររូបខ្លួនបានត្រៀមខ្លួនល្អនិងចេះវ៉ៃចេញវ៉ៃចូលតាមកាលៈទេសៈ ក៏ដូចជាហ្វឹកហាត់ជាប្រចាំដើម្បីត្រៀមខ្លួនទៅស៊ីហ្គេមនៅហ្វីលីពីនទៀតនោះ ទើបរូបគេអាចយកជ័យជំនៈលើកីឡាករថៃរូបនេះបាន។
គួររំលឹកថា ផល សោភ័ណ្ឌ ធ្លាប់ប្រកួតចាញ់កីឡាករ ហ្វុនលួង ២លើករួចមកហើយនៅសង្វៀន CBS ហើយសម្រាប់លើកទី៣នេះ គុនខ្មែរូបនេះអាចយកឈ្នះបាន ក៏ដោយសារតែចេះសិក្សាអំពីដៃគូបានច្បាស់ ហ្វឹកហាត់ជាប្រចាំ ទើបរូបគេអាចសងសឹកនិងយកជ័យជំនៈជូនបងប្អូនដែលគាំទ្រគុនខ្មែរបាន៕