សហការីរៀបចំរំពឹងកម្មវិធី WLF អាចសម្រួចជម្រើសជាតិឃីកបុកស៊ីងមុនទៅស៊ីហ្គេម
កម្មវិធីប្រដាល់អន្តរជាតិមួយឈ្មោះថា WLF នឹងត្រូវបានរៀបចំឡើងនៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយមានការសហការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សហព័ន្ធឃីកបុកស៊ីងកម្ពុជា, ក្លិបប្រដាល់ Loong Hai និងលោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់ក្លិប Cambodian Top Team។
ការប្រកួតនេះនឹងមាន១០គូ ដោយមានកីឡាករជម្រើសជាតិ Kickboxing និងគុនខ្មែរប្រកួតតទល់ជាមួយកីឡាករបរទេស។
លោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់ក្លិប Cambodian Top Team ប្រាប់ថា WLF គឺជាកម្មវិធីលំដាប់ពិភពលោករបស់ចិន ដោយមានការទទួលស្គាល់ជាសកល និងធ្លាប់មានកីឡាករល្បីៗចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ពីមុនមក។ លោកថា វានឹងក្លាយជាការចូលរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងគុនខ្មែរដល់ពិភពលោក ព្រោះមានការផ្សាយផ្ទាល់លើទូរទស្សន៍ចិនដែរ។
Promoter ដដែលទទូចថា ការយកកម្មវិធីបរទេសមករៀបចំនេះ ព្រោះមានភាពល្បីល្បាញស្រាប់អាចផ្សព្វផ្សាយពីគុនខ្មែរបានលឿន។ ទន្ទឹមនឹងនេះ លោកថា កម្មវិធីអន្តរជាតិខាងលើក៏អាចជាការសម្រួចសមត្ថភាពកីឡាករ kickboxing កម្ពុជា ត្រៀមឆ្ពោះទៅស៊ីហ្គេមនាពេលខាងមុខ។
លោក ហ៊ុន ច័ន្ទរាជ្យ ឲ្យដឹងថា កីឡាករដែលបានបញ្ជាក់ចូលរួមហើយ មាន ឈុត សេរីវណ្ណថង, នៅ ស្រីពៅ, ធឿន ធារ៉ា ព្រំ សំណាង, ផល សោភ័ណ្ឌ, ឡៅ ចិត្រា, ឡៅ ចន្ទ្រា, សូត្រ វាសនា និងកីឡាករ២រូបទៀត៕