
គួច ដានី ៖ ខ្ញុំរង់ចាំយូរហើយមុនជាប់ជម្រើសជាតិឡើងវិញ
ខ្សែបម្រើកូនកាត់បារាំងខ្មែរ គួច ដានី បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងក្រោយ មានឈ្មោះក្នុងបញ្ជីកីឡាករជម្រើសជាតិបាល់ទាត់កម្ពុជាសម្រាប់ត្រៀមប្រកួតជាមួយ ទីម័រខាងកើត ស្របពេលរូបគេបានខកខានលេងអោយក្រុមគោព្រៃអស់រយៈ ពេលជាយូរមកហើយ ។
បន្ទាប់ពីរួមចំណែកជួយអោយក្លិបណាហ្គាវើលលើកពានលីហ្គកំពូលកម្ពុជាកាលពីពេលថ្មីៗនេះ អតីតកីឡាករភ្នំពេញក្រោយ ត្រូវបានអ្នកចាត់ការថ្មី Honda កោះហៅចូលរួមជាមួយសមាជិកទាំង ២៣ នាក់ដែលត្រូវប្រកួតមិត្តភាពជាមួយទី័ម័រនៅថ្ងៃទី ១២ តុលា នេះ ក៏ដូចជាត្រៀមពានរង្វាន់ AFF SUZUKI CUP ផងដែរ ។
ដានី បានអោយដឹងថា ខ្ញុំរង់ចាំជាយូរមកហើយ ហើយក៏មិនចុះចាញ់ដែរ ខ្ញុំតែងតែប្រឹងប្រែង ហ្វឹកហាត់ ទើបបានជាប់ជម្រើសជាតិវិញ ។ គេបន្ថែមថា ជារឿងអស្ចារ្យមួយទៀតគឺបាន ហាត់ ក្រោយការដឹកនាំរបស់កីឡាករលំដាប់ពិភពលោក Honda ។
គួរបញ្ជាក់ថា កីឡាករកូនកាត់ខ្មែរ-បារាំង គួច ដានី បានមកដល់ប្រទេសកម្ពុជានៅឆ្នាំ២០១២ ហើយគេធ្លាប់បានលេងឲ្យក្រុមបៀលប្រាយយូណាយធីត ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមភ្នំពេញក្រោន(២លើក) ក្រុមត្រាយអាស៊ី (ខេមបូឌានថាយហ្គឹរ) និងក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា មុនពេលមករូបគេមករួមរស់ជាមួយក្រុមណាហ្គាវើល ក្នុងអំឡុងឆ្នាំ២០១៧ ខណៈក្រុមជម្រើសជាតិកម្ពុជារូបគេធ្លាប់ជាប់កាលពីឆ្នាំ២០១៣ ៕