កាកា ឈ្នះនៅថៃហើយ ចាំមើល រឿង សោភ័ណ្ឌ និង ពេជ្រ ម្ទេសខ្មាំង នៅភូមាវិញ
អ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ៣រូបបានចេញប្រកួតនៅក្រៅប្រទេសនាសង្វៀនធំៗ ក្នុងសប្តាហ៍នេះ ក្នុងនោះមាន សុខ ធី (កាកា) ប្រកួតនៅប្រទេសថៃ ខណៈ រឿង សោភ័ណ្ឌ និង ពេជ្រ ម្ទេសខ្មាំង ត្រូវ បង្ហាញសមត្ថភាពរបស់ពួកគេក្នុងទឹកដីភូមា នាល្ងាចនេះ ។
សម្រាប់ កាកា កាលពីយប់មិញនេះបានជោគជ័យរួចទៅហើយដោយបានផ្តួលកីឡាករ ម្ចាស់ផ្ទះ យ៉តភូលួង ដោយលោកអាជ្ញាកណ្តាលបញ្ឃប់ត្រឹមទឹកទី៤ ប៉ុណ្ណោះ នាសង្វៀន លុម្ភីនី ។ នេះជារឿងអស្ចារ្យមួយសម្រាប់ សុខ ធី ដែលបានបង្ហាញគុនខ្មែរនៅសង្វៀន លំដាប់ធំ មុនរូបគេមកចូលរួមដណ្តើមពាន ISI Palm នៅទឹកដីកម្ពុជា ។
ងាកមកល្ងាចនេះចាប់ពីម៉ោង ៥ និង ៣០ នាទីត្រូវដល់វេនអ្នកលេងគុនខ្មែរ រឿង សោភ័ណ្ឌ និង ពេជ្រ ម្ទេសខ្មាំង ត្រូវប្រកួតជាមួយកីឡាករភូមា វិញម្តង ហើយក៏ជាលើកទីមួយដែរដែល ពួកគេចូលរួមក្នុង កម្មវិធី World Lethwei Championship ក្នុងទីក្រុង យ៉ាងហ្គូន ៕ អត្ថបទ៖ ជោគជ័យ