Inter Milan និង Ajax ឈ្នះជើងឯកលីគតាមប្រទេសរៀងៗខ្លួន
Inter Milan បានឈ្នះតំណែងជើងឯកក្របខណ្ឌកំពូលអ៊ីតាលីជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ ក្រោយក្រុមលេខ២ Atlanta ស្មើ Sassuolo នៅថ្ងៃអាទិត្យ ទី០២ ខែឧសភា។
លទ្ធផលនេះធ្វើឲ្យ Inter Milan នាំមុខកំពូលតារាង ១៣ពិន្ទុ បន្ទាប់ពីឈ្នះ Crotone នៅថ្ងៃសៅរ៍ ទី០១ ខែឧសភា ខណៈការប្រកួតនៅសល់៤លើកទៀត។
Inter ដែលស្ថិតក្រោមការដឹកនាំពីអ្នកចាត់ការ Antonio Conte បញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្រោមក្រុមជើងឯក Juventus តែមួយពិន្ទុប៉ុណ្ណោះ រដូវកាលមុន។
Inter ខកខានឈ្នះជើងឯកក្របខណ្ឌកំពូលអ៊ីតាលីតាំងពីឆ្នាំ២០១០ ដែលកាលណោះស្ថិតក្រោមអ្នកចាត់ការ Jose Mourinho។
លោក Conte ក៏ធ្លាប់ឈ្នះ Serie A នៅ Juventus ៣លើកពីចន្លោះឆ្នាំ២០១១ដល់២០១៤ និងជើងឯក Premier League នៅ Chelsea ឆ្នាំ២០១៧។
នៅហូឡង់ឯណោះវិញ Ajax Amsterdam បានគ្រងតំណែងជើងឯកក្របខណ្ឌកំពូល Eredivisie រដូវកាល២០២០/២០២១ ដោយនាំមុខក្រុមលេខ២ PSV ១៤ពិន្ទុ ខណៈការប្រកួតសល់៤លើកទៀតប៉ុណ្ណោះ។
Ajax មាន៧៩ពិន្ទុពីការប្រកួត៣១លើក។ នេះក៏ជាតំណែងជើងឯកក្របខណ្ឌកំពូលហូឡង់លើកទី៣៥សម្រាប់ពួកគេដែរ៕