Kane ស៊ុតឱ្យ Bayern ឡើងកំពូលតារាង
មួយគ្រាប់ពី Harry Kane ក្នុងនាទីទី២០ បានរុញ Bayern Munich ទៅកាន់កំពូលតារាងតាមរយៈជ័យជម្នះលើក្រុម Cologne ដោយលទ្ធផល០ទល់នឹង១ ក្នុងការប្រកួតក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា។
នេះជាគ្រាប់ទី១៨ហើយរបស់ Kane ពីការប្រកួត១២លើកនៅលីគកំពូលអាល្លឺម៉ង់ និងក្លាយជាកីឡាករអង់គ្លេសទី១រកបានចំនួននេះនៅអាល្លឺម៉ង់គិតត្រឹមមួយរដូវកាល។
ឆ្លងកាត់ការប្រកួត១២លើក Bayern Munich មាន៣២ពិន្ទុ លើសមួយពិន្ទុលើក្រុម Bayer Leverkusen ដែលលេងតិចជាងមួយប្រកួត។
Leverkusen ដែលមិនទាន់ចាញ់សោះ នឹងប៉ះក្រុម Werder Bremen ថ្ងៃសៅរ៍ នេះ៕