ខ្សែប្រយុទ្ធកម្ពុជា៥រូបដែលអាចបង្ហាញខ្លួននៅស៊ីហ្គេមឆ្នាំនេះ
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម ២២ឆ្នាំ មិនទាន់មានការប្រមូលផ្តុំនៅឡើយទេដោយសារបញ្ហាកូវីដ១៩ ខណៈការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម គ្រោងនឹងរៀបចំឡើងនៅអំឡុងខែ វិច្ឆិកា ២០២១ ខាងមុខនេះហើយ ។ ថ្ងៃនេះ MSR SPORT សូមបង្ហាញអំពីខ្សែប្រយុទ្ធ អាយុក្រោម ២២ឆ្នាំ ដែលអាចត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិសម្រាប់ការប្រកួតព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍នាពេលខាងមុខនេះ .
១. កីឡាករ ម៉ាត់ នូរុណ ( បឹងកេត )
ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ដែលកំពុងលេងអោយបឹងកេត ជាអ្នករកគ្រាប់បានយ៉ាងល្អនឹងបានជួយអោយ បឹងកេត លើកពានកាលពីរដូវកាលមុន ទោះបីរដូវកាលនេះការចាប់ផ្តើមមិនសូវបានល្អ ប៉ុន្តែរូបគេនៅតែ ជាកីឡាករដ៏សំខាន់ក្នុងក្រុមដដែល ។
២. សៀង ចន្ធា ( បឹងកេត )
យុវជនបណ្តុះចេញពីសាលាបាល់ទាត់បាទី នៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងក្រុមជម្រើសជាតិទាំងវ័យក្មេង រូបគេជាដៃគូយ៉ាងល្អជាមួយ ម៉ាត់ នូរុណ កាលពីរដូវកាលមុន ។ ខ្សែប្រយុទ្ធ បឹងកេត រូបនេះជាកីឡាករសំខាន់ដែលជួយអោយកម្ពុជាទទួលបានលេខ៤ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កាលពី ២០១៩ នៅហ្វឹលីពីន ផងដែរ ។
៣. ណារុង កក្កដា ( Tiffy Army )
ខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងលេងអោយក្រុម ខ ភ ម ( Tiffy Army ) បានបង្ហាញខ្លួនយ៉ាងកាលពីរដូវកាលមុន ក្នុងជុំទី២នៃលីគកំពូលកម្ពុជាដោយរកគ្រាប់បានស្ទើតែគ្រប់ប្រកួត ខណៈរដូវកាលថ្មីនេះរូបគេបង្ហាញខ្លួនត្រឹម៣ប្រកួត រកបាន២គ្រាប់ទៅហើយ ។
៤. រុធ តុលា ( ព្រៃវែង )
ម្ចាស់ស្បែកជើងមាស ពានរង្វាន់សម្តេច ហ៊ុន សែន រូបនេះជាកីឡាករដែលមានកម្លាំងថាមពុលយ៉ាងល្អលើទីលាន ដែលបានជួយក្រុមបាល់ទាត់ខេត្ត ព្រៃវែង ទទួលបានចំណាត់ថ្នាក់លេខ៣ ពានរង្វាន់សម្តេច និង ជើងឯកលីគលំដាប់ទី២ ទៀត ផង ។
៥. សា ទី ( អគ្គិសនីកម្ពុជា )
យុវជនរបស់ក្លិប អគ្គិសនី រូបនេះបានបង្ហាញទម្រង់លេងគួរភ្ញាក់ផ្អើលក្នុងរដូវកាលនេះ ទាំងបច្ចេកទេស និងការស៊ុតបញ្ចូលទី ជាញឹកញាប់ ។ កីឡាករដើមកំណើតខេត្តកំពង់ឆ្នាំង រូបនេះក៏ត្រូវបានកោះចូលក្រុមជម្រើសជាតិ U-19 ដែរ ប៉ុន្តែត្រូវបានរំសាយ សម្រាប់ព្រឹត្តិការណ៍ដែលរៀបចំឡើងនៅ អូបេគីស្ថាន ដោយសារបញ្ហាកូវីដ ។
សូមបញ្ជាក់ថា ការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គ្រោងនឹងដំណើរការពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខណៈវិញ្ញាសាបាល់ទាត់អាចត្រូវធ្វើការប្រកួតមុនវីញ្ញាសាផ្សេងៗ ។ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាត្រូវដឹកនាំដោយអ្នកចាត់ការទូទៅលោក Keisuke Honda ដែលមានគ្រូបង្វឹកលោក RYU HIROSE ៕