
លោក Pochetino ថា Spurs លេងបានល្អជាង Man Utd នៅតង់ទី2
សប្តាហ៍ប្រកួតទី22រវាងក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenam Hot Spur និងបិសាចក្រហម Manchester United បានបញ្ចប់ហើយដោយក្រុមភ្ញៀវបានឈ្នះទាំងប្រផិតប្រផើយ 0-1។ ជ័យជម្នះនេះបានធ្វើអោយគេនឹកឃើញផងដែរនូវការឈ្នះរបស់ Spurs 0-3 កាលពីជើងទីមួយនៅ Old Trafford ដែលកាលណោះធ្វើអោយលោក Pochetino សម្តែងការរីរាយជាខ្លាំងដែលអាចបំបែកក្បួនឡានក្រុងរបស់លោក Jose Mourinho បាន។
ការប្រកួតកាលពីយប់ម៉ិញនេះវិញនៅចុងតង់ទី1គេឃើញ Pogba បានបញ្ជូនបាល់ពីតំបន់កណ្តាលទៅអោយ Rashford ដែលរត់ហែកនៅស្លាបខាងស្តាំហើយកីឡាករវ័យក្មេងរូបនេះក៏បានអូសបាល់ស៊ុតបញ្ចូលទីពីចំហៀងខ្លួនអ្នកចាំទី Lloris បានយ៉ាងល្អ។ លទ្ធផលនេះក៏បានបន្សល់ទុករហូតដល់ចប់ការប្រកួតទាំងស្រុងបើទោះជាក្រុមលោក Pochetino ខិតខំធ្វើការវាយលុកជាច្រើនលើកច្រើនសារតាមយកស្មើវិញយ៉ាងណាក្តីក៏ពួកគេមិនអាចធ្វើអោយបាល់ឆ្លងផុតពីដៃអ្នកចាំទី David Degea បានឡើយ។
ក្រោយពីចប់ការប្រកួតលោក Mauricio Pochetino បាននិយាយប្រាប់អ្នកសារព័ត៌មានថា ក្រុមលោកមានរំពឹងថានិងយកបាន3ពិន្ទុម្តងទៀតតែបែជាលទ្ធផលហុចអោយខុសពីការរំពឹងទុកទៅវិញ។ នៅតង់ទី1ក្រុមគាត់បានធ្វើអោយមានការភ្លាត់ស្នៀតបន្ទាប់ពី Sisoko ទទួលរងរបួសដែលនេះអាចជាមូលហេតុដែលបណ្តាលអោយមានការចន្លោះប្រហោងផងដែរ។ នៅតង់ទី2វិញក្រុមទាំងមូលលេងបានយ៉ាងល្អថែមទៀត ហើយក្រុម Spurs មានឱកាសស៊ុតដល់ទៅ11ដងតែមិនមានសំណាងតាមបានស្មើមកវិញឡើយ។