ក្រុម Manchester United ប៉ះក្រុម Colchester United ខណៈដែល Manchester City ប៉ះក្រុម Oxford United នៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Carabao
(BC-99)
ការប្រកួតបាល់ទាត់ពានរង្វាន់សហព័ន្ធបាល់ទាត់អង់គ្លេស EFL Carabao Cup បានឈានចូលដល់វគ្គ៨ក្រុមចុងក្រោយហើយបើគិតត្រឹមថ្ងៃព្រហស្បតិ៍ទី៣១ តុលា នេះ។ គេឃើញមានក្រុមចំនួន៦ដែលឋិតនៅក្នុងក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League ដែលបានឡើងមកដល់វគ្គនេះដែលមានដូចជាក្រុមហង្សក្រហម Liverpool មេឃខៀវ Manchester City បិសាចក្រហម Manchester United ក្រុមស្ករគ្រាប់ Everton ក្រុមអ្នកភូមិ Aston Villa និងកញ្ជ្រោងខៀវ Leicester City ក្នុងខណៈដែលក្រុមចំនួន២ទៀតមកពី League One គឺក្របីខៀវ Oxford United និងក្រុមមកពី League Two គឺក្រុមអក្សរ U Colchester United ក៏បានឡើងមកដល់វគ្គ៨ក្រុមចុងក្រោយនេះដែរ។
បើតាមលទ្ធផលនៃការចាប់ឆ្នោតជ្រើសរើសគូប្រកួតរបស់ក្រុមទាំង៨បានបង្ហាញអោយឃើញថាមានក្រុមចំនួន៤មកពីក្របខណ្ឌកំពូលនឹងប៉ះប្រកួតជាមួយគ្នាក្នុងនោះគឺ Everton បានធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Leicester City ស្របពេលដែល Liverpool នឹងធ្វើដំណើរទៅកាន់ទឹកដី Villa Park ដើម្បីប្រកួតជាមួយក្រុម Aston Villa។
ដោយឡែកក្រុមដែលឋិតនៅក្នុងទីក្រុង Manchester ទាំងពីរវិញបានចាប់ឆ្នោតប៉ះចំក្រុមមកពីក្របខណ្ឌ League One និង Two តែម្តងដោយ United ប៉ះជាមួយ Colchester រីឯ City និងធ្វើជាភ្ញៀវរបស់ Oxford United។
ការប្រកួត EFL Carabao Cup នៅវគ្គ១/៤ផ្តាច់ព្រ័ត្រឬ៨ក្រុមចុងក្រោយនេះដែរត្រូវបានគេរៀបចំធ្វើឡើងនាអំឡុងថ្ងៃទី១៧និងទី១៨ធ្នូចុងឆ្នាំនេះហើយតែនៅមិនទាន់ជាក់ច្បាស់អំពីម៉ោងប្រកួតនៅឡើយទេ។