ក្រុមប៉េតង់បុរសកម្ពុជានឹងចាប់ផ្ដើមប្រកួតជើងឯកពិភពលោកម៉ោង៩យប់នេះ
ក្រុមបុរសកម្ពុជានឹងចាប់ផ្ដើមការប្រកួតប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ ដែលធ្វើនាក្រុង Santa Susanna ប្រទេសអេស្ប៉ាញ វេលាម៉ោង៩កន្លះយប់ម៉ោងនៅកម្ពុជា ថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឬម៉ោង៣និង៣០នាទីរសៀល នៅអេស្ប៉ាញ។
ក្នុងការឈានទៅប្រកួតនៅក្រៅប្រទេសនេះ ក្រុមបុរសកម្ពុជាមាន៤រូប គឺកីឡាករ សុខ ចាន់មាន, កីឡាករ ញ៉ែម បូរ៉ា, កីឡាករ ស៊ីន វង់ និងកីឡាករ ថោង ឈឿន ដឹកនាំដោយគ្រូបង្គោល លោក អ៊ឹម ផាត។
កម្ពុជាប្រកួតលើ២ប្រភេទវិញ្ញាសា គឺ៣ទល់នឹង៣បុរស និងវិញ្ញាសាវាយយកពិន្ទុដែលរ៉ាប់រងដោយកីឡាករ សុខ ចាន់មាន។ ការប្រកួតនឹងបញ្ចប់នៅថ្ងៃទី២១ ខែវិច្ឆិកា។
គួររំឭកថា មុនឈានដល់ការប្រកួតផ្នែកបុរសនេះ កម្ពុជាក៏បានប្រកួតផ្នែកនារីដែរ លើ២វិញ្ញាសាដូចគ្នា ដែលក្នុងនោះកីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសពិភពលោកលើវិញ្ញាសាវាយយកពិន្ទុ។ ចំណែកវិញ្ញាសាផ្នែកនារី បានឡើងដល់វគ្គ៨ក្រុមចុងក្រោយ ដោយចាញ់ក្រុមនារីទុយនេស៊ី៕