គ្រូអង្គរថាយហ្គឺរនឹងចេញពីតំណែងក្រោយចប់ប្រកួតថ្ងៃសុក្រនេះ
ក្លិបបាល់ទាត់អង្គរថាយហ្គឺរប្រកាសថា លោក Oriol Mohedano នឹងចាកចេញពីតំណែងជាគ្រូបង្គោល ក្រោយចប់ការប្រកួតក្របខណ្ឌកំពូលកម្ពុជា នៅថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា នេះ។
ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនឹងបិទទំព័រលីគកំពូលតទល់ព្រះខ័នរាជស្វាយរៀងនាកីឡដ្ឋាន S.R.U។
គួររំឭកថា លោក Oriol Mohedano បានចូលកាន់ការងារជាគ្រូបង្គោលអង្គរថាយហ្គឺរ កាលឆ្នាំ២០១៧ និងនាំក្រុមនេះទទួលបានលេខ៣ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៨។
បើតាមប្រភពស្និទ្ធ គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះបានឈានដល់រដូវកាលចុងក្រោយនៃកិច្ចសន្យារបស់លោកទៅហើយ និងមិនបានបន្តសុពលភាពទៀតទេ។
មុនមកកាន់តំណែងនៅអង្គរថាយហ្គឺរ បុរសមានកំណើតនៅក្រុង Barcelona ធ្លាប់ធ្វើជាគ្រូបង្គោលមួយរយៈនៅភ្នំពេញក្រោន កាលជើងទី១ រដូវកាល២០១៦។
រដូវកាល២០២១នេះ ថាយហ្គឺរទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងក្របខណ្ឌកំពូល និងធ្លាក់វគ្គ៨ក្រុមចុងក្រោយពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ៕