អាជ្ញាកណ្ដាលដឹកនាំការប្រកួតអាហ្សង់ទីន និងប្រេស៊ីល ត្រូវរងពិន័យ
ក្រុមអាជ្ញាកណ្ដាលដឹកនាំដោយលោក Andres Cunha ដែលកាត់សេចក្ដីក្នុងការប្រកួតជម្រុះ FIFA World Cup 2022 រវាងអាហ្សង់ទីន និងប្រេស៊ីល និងលោក Esteban Ostojich រ៉ាប់រងក្នុងបន្ទប់ V.A.R ត្រូវបានតុលាការមជ្ឈត្តកម្មនៃសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូងដាក់បម្រាមមិនឲ្យដឹកនាំការប្រកួតនានា តែមិនទាន់បញ្ជាក់កាលកំណត់ទេ។
រឿងរ៉ាវ គឺបែបនេះ! ក្នុងនាទី៣៤ Nicolas Otamendi របស់អាហ្សង់ទីនដាក់មួយកែងទៅលើ Raphinha របស់ប្រេស៊ីល បណ្ដាលឲ្យឈាមមាត់។ ផ្ទយទៅវិញ ពុំមានការពិនិត្យ V.A.R សាជាថ្មី ហើយក៏គ្មានការពិន័យអ្វីថែមទៀត ដោយបែរជាស្ងាត់ស្ងៀមទៅវិញ។
បើតាមសារព័ត៌មាន Daily Mail កីឡាករ Raphinha ពិតជារងរបួសខ្លាំងមែនទែន ហើយត្រូវដេរដល់ទៅ៥ថ្នេរ។
លោក Tite គ្រូបង្គោលជម្រើសជាតិប្រេស៊ីលខឹងយ៉ាងខ្លាំងចំពោះការមិនពិន័យទៅលើ Otamendi។ ទន្ទឹមនឹងនេះសូម្បីតែអតីតកីឡាករប្រេស៊ីល Gilberto Silva ក៏ប្រតិកម្មដែរ ដោយលើកឡើងថា តើមានអ្វីកើតឡើងចំពោះក្រុម V.A.R ឬក៏ពួកគេដេកលក់ទៅហើយ៕