ណាហ្គាឡើងវគ្គផ្ដាច់ព្រ័ត្រ Cambodia Airways Cup
ការប្រកួតបើកឆាកក្នុងពានរង្វាន់ Cambodia Airways Cup លើកទី ២ ឆ្នាំ ២០២២ បានបញ្ចប់ទៅមុននេះបន្តិច ដែលជាការជួបគ្នារវាងក្លិប ណាហ្គាវើលដ៍ ទល់នឹង ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ។
ផ្តើមចេញពីការកែបាល់នៅម៉ោង ១៥:០០នាទីរសៀល ក្រុមទាំងពីរបានបើកការដាក់សម្ពាធគ្នាទៅវិញទៅមក ដោយជារឿយៗ ព្រះខ័នរាជស្វាយរៀង មានភាគរយច្រើនក្នុងការគ្រប់គ្រងបាល់ និងបង្កើតឱកាសក្នុងតំបន់គ្រោះថ្នាក់របស់គូប្រកួត។
លុះចូលដល់វគ្គទី២ នាទី ៦០ ណាហ្គាវើលដ៍ បានបង្កើតការនាំមុខ ១គ្រាប់ដោយកីឡាករ Fumiya ទាត់បាល់បំបុកនឹងកីឡាកររបស់ព្រះខ័នរាជស្វាយរៀង ចូលទីដោយខ្លួនឯង ។
ក្រោយមកក្រុមរបស់លោក Conor Nestor បានព្យាយាមវាយបករកគ្រាប់តាមស្មើវិញ តែពុំបានសម្រេចនោះឡើយរហូតដល់ចប់ការប្រកួត។
កីឡាករ សុះ ស៊ូហាណា ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតនេះ។
ដូចនេះ ណាហ្គាវើលដ៍ នឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំជួបជាមួយក្រុមឈ្នះ នៃការប្រកួតរវាង បឹងកេត ទល់នឹង អង្គរថាយហ្គឺរ នៅថ្ងៃស្អែក វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ។