គ្រូបង្វឹកអេស្ប៉ាញពន្យល់អំពីការទម្លាក់អ្នកចាំទី De Gea របស់ Man Utd ពីជម្រើស១១នាក់
(BC-99)
អ្នកចាំទី David de Gea របស់ក្រុមបិសាចក្រហមត្រូវបានគ្រូបង្វឹកអេស្ប៉ាញ Luis Enrique ទម្លាក់ចេញពីជម្រើស១១នាក់ដំបូងនាជំនួប UEFA Nation League ជាមួយក្រុម ស្វីស ដែលជាម្ចាស់ផ្ទះកាលពីយប់ម៉ិញនេះ។
កីឡាករ Unai Simon របស់ Athletics Bilbao ត្រូវបានចាត់តាំងជាថ្មីក្នុងនាមជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុម គោជល់ ជំនួសតំណែងអ្នកចាំទីបិសាចក្រហម David De Gea ប៉ុន្តែការសម្រេចចិត្តរបស់លោក Luis Enrique មិនអាចរកបាន៣ពិន្ទុឡើយ។
បន្ទាប់ពីការប្រកួតបញ្ចប់៩០នាទីលទ្ធផលសល់ត្រឹម ១-១ គ្រូបង្វឹក Luis Enrique បានធ្វើការពន្យល់ថាលោកនឹងឆ្លាស់វេនអ្នកចាំទីទាំង៣នាក់របស់ក្រុមជម្រើសជាតិឱ្យបានចូលរួមប្រកួតពេញ៩០នាទីទាំងអស់គ្នាដោយលោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “ខ្ញុំនឹងធ្វើបែបនេះទៀត យើងមានអ្នកចាំទីបីនាក់។ បើទោះជាមានបួនឬប្រាំនាក់ ខ្ញុំនឹងទុកចិត្តពួកគេទាំងអស់។ ខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំបានឃើញ។ ខ្ញុំនឹងនៅជាមួយក្រុមនេះរហូតដល់ទីបញ្ចប់នៃពិភពលោក”។
គួរបញ្ជាក់ថានៅក្នុងពូលទី៤នៃ League A នេះក្រុម អេស្ប៉ាញ ឋិតនៅចំណាត់ថ្នាក់លេខ ២ មាន ៨ ពិន្ទុ។ បន្ទាប់ពីការប្រកួតនេះរួចក្រុម អេស្ប៉ាញ នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវលេខ១ អាឡឺម៉ង់ ដែលលើស ១ ពិន្ទុនារាត្រីថ្ងៃអង្គារ៍នេះវិញម្តងខណៈដែលវត្តមាន១១នាក់ដំបូងរបស់ De Gea នៅតែមានភាពស្រពិចស្រពឹលដដែល។