Zlatan Ibrahimovic ទាត់ចោលព័ត៌មានស្តីពីការចូលនិវត្តន៍នាពេលឆាប់ៗនេះ
(BC-99)
អតីតកីឡាកររបស់ Barcelona, Paris Saint-Germain និង Manchester United បានចូលរួមជាមួយក្រុម AC Milan ក្នុងកិច្ចព្រមព្រៀងរយៈពេលខ្លីមួយកាលពីខែធ្នូប៉ុន្តែរូបគេមិនមានភាពប្រាកដប្រជាអំពីអនាគតវែងឆ្ងាយជាមួយនិងក្លឹបនេះនៅឡើយទេ។
គ្រូបង្វឹករបស់ក្លឹបដែលមានរហស្សនាម Rossoneri គឺលោក Stefano Pioli នៅតែចង់រក្សាខ្សែប្រយុទ្ធរូបនេះនៅ San Siro បើទោះជាមានព័ត៌មានទាក់ទងទៅនឹងការផ្លាស់រូបគេទៅកាន់ក្លឹប Monza របស់អតីតកីឡាករ AC Milan Silvio Berlusconi ឬការវិលត្រឡប់ទៅកាន់ស៊ុយអែតដែលជាប្រទេសកំណើតរបស់ Zlatan ក៏ដោយ។
វាក៏ត្រូវបានគេទស្សន៍ទាយផងដែរថា Ibrahimovic អាចចូលនិវត្តន៍នៅពេលបញ្ចប់រដូវកាល Serie A ២០១៩-២០ មុន ២ ខែចូលដល់វ័យ ៣៩ របស់គេ។
ទោះជាយ៉ាងណាក្តីក៏ Ibrahimovic បាននិយាយនៅក្នុងវីដេអូ Instagram ដែលវបានផ្សាយកាលនៅថ្ងៃសៅរ៍នេះថា “ដូច្នេះអ្នកគិតថាអាជីពរបស់ខ្ញុំនឹងត្រូវបញ្ចប់ហើយមែនទេ?។ អ្នកនៅមិនទាន់ស្គាល់ខ្ញុំច្បាស់ទេ!។ ក្នុងមួយជីវិតរបស់ខ្ញុំមានតែពាក្យថាតស៊ូ។ គ្មាននរណាម្នាក់ជឿលើខ្ញុំទេ ដូច្នេះខ្ញុំត្រូវតែជឿលើខ្លួនឯង។ មានមនុស្សខ្លះចង់បំបែកកំណត់ត្រារបស់ខ្ញុំ ប៉ុន្តែពួកគេកាន់តែធ្វើឱ្យខ្ញុំរឹងមាំ។ អ្នកខ្លះទៀតចង់កេងចំណេញលើខ្ញុំ តែពួកគេកាន់តែធ្វើឱ្យខ្ញុំឆ្លាតជាងមុន។ ហើយអ្នកគិតថាខ្ញុំនឹងបញ្ចប់អាជីពឬ? ឆ្លើយតបចំពោះអ្នកទាំងអស់គ្នាខ្ញុំមានរឿងតែមួយគត់ដែលត្រូវនិយាយ ខ្ញុំមិនដូចជាអ្នកទេ ព្រោះខ្ញុំមិនមែនជាអ្នក។ ខ្ញុំគឺជា Zlatan Ibrahimovic ហើយខ្ញុំកំពុងតែកំដៅសាច់ដុំ!”
សូមបញ្ជាក់ដែរថា Ibrahimovic រកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ១៦ ប្រកួតនៅក្របខណ្ឌ Serie A នារដូវកាលនេះនិងបានជួយអោយ Milan រកឃើញទម្រង់លេងល្អឡើងវិញដែលធ្វើអោយពួកគេឈរនៅលេខ ៦ ក្នុងតារាងដោយនៅសល់ ២ ប្រកួតត្រូវបន្ត។