
គ្រូទ័ពប្រាប់មូលហេតុ អ៊ុំ សេរីរ័ត្ន មិនបានលេងក្នុងជំនួបឈ្នះសូលទីឡូ
លោក ទេព ឡុងរចនា គ្រូបង្គោលសមាគមបាល់ទាត់កងយោពលខេមរភូមិន្ទបង្ហើបថា អវត្តមានរបស់អ្នកចាំទី អ៊ុំ សេរីរ័ត្ន ពីការប្រកួតក្របខណ្ឌកំពូលកម្ពុជាឈ្នះសូលទីឡូអង្គរ ៣ទល់នឹង០ កាលថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ដោយសារបញ្ហាជង្គង់។
គ្រូបង្វឹកតំណាងក្រុមកងទ័ពបញ្ជាក់ថា របួសជង្គង់របស់សេរីរ័ត្ននៅមិនទាន់ធូរស្បើយពេញលេញល្អ ដូច្នេះលោកសម្រេចចិត្តដាក់គេកៅអីបម្រុង ជំនួសដោយអ្នកចាំទីដៃទីពីរ ពេជ្រ តារា ក្នុងជម្រើស១១នាក់ដំបូងសម្រាប់ការប្រកួតសប្ដាហ៍ទី០៩ នេះវិញ។
លោក ទេព ឡុងរចនា ពន្យល់ “៖គាត់នៅកៅអីបម្រុង យើងដាក់តារាចាប់វិញ ព្រោះរ័ត្ននៅឈឺជង្គង់ ជង្គង់គាត់នៅខ្សោយ។ យើងអត់ច្បាស់ថាគាត់អាចវិលមកវិញសប្ដាហ៍ក្រោយឬម៉េចទេ ព្រោះចាំមើលការព្យាបាល និងការហ្វឹកហាត់របស់គាត់សិន បើល្អឡើងវិញ គាត់អាចនឹងលេងវិញ។ បើគាត់អត់របួស ក៏មិនអវត្តមានដែរ។”
ទោះរបូតគ្រាប់បាល់ច្រើនក្នុងការប្រកួតមួយចំនួនជាពិសេសចាញ់បឹងកេត៦ទល់នឹង១ កាលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា លោក ទេព ឡុងរចនា អះអាងថា ក្រុមនៅមានទំនុកចិត្តលើអ៊ុំ សេរីរ័ត្ន ព្រោះគេជាអ្នកចាំទីប្រកបដោយបទពិសោធមួយរូប។ លោកសង្កត់ធ្ងន់ថា ការរបូតគ្រាប់ច្រើននោះជាទំនួលខុសត្រូវក្នុងក្រុមទាំងមូល មិនមែនមកពីបុគ្គលនរណាម្នាក់ឡើយ។
គួរដឹងដែរថា ចាប់ពីក្របខណ្ឌកំពូលកម្ពុជាដំណើរការឡើងវិញ អ្នកចាំទី អ៊ុំ សេរីរ័ត្ន បានបង្ហាញខ្លួនក្នុងជំនួបចាញ់ណាហ្គាវើលដ៍ ៤ទល់នឹង១ និងចាញ់បឹងកេត ៦ទល់នឹង១៕
រូបភាព ៖ CNCC