Solskjaer បានបង្ហើបថាគាត់នឹងត្រូវបណ្តេញចេញប្រសិនបើ Man Utd ចាញ់ក្រុម Spurs និង Man City ខណៈដែល Pochettino កំពុងតែរង់ចាំតំណែងរបស់លោក
(BC-99)
លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់បិសាចក្រហម Manchester United បានប្រាប់កីឡាកររបស់ខ្លួនថា លោកនឹងត្រូវបណ្តេញចេញពីតំណែងប្រសិនបើពួកគេប្រកួតចាញ់ក្រុម Tottenham និង Manchester City នៅសប្តាហ៍នេះ។
ការរកជ័យជម្នះមិនបាននៅដើមខែធ្នូនេះក្រោយពេលដែល Manchester United ថ្លោះធ្លោយអោយក្រុម Aston Villa តាមបានស្មើ ២-២ វាបានធ្វើអោយក្រុមបិសាចក្រហមធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ៩វិញនិងធ្វើអោយសំពាធកំដៅកាន់តែកើនឡើងផងដែរចំពោះកៅអីរបស់លោក Ole។
កាន់តែខ្លាំងជាងនេះទៅទៀតលោកត្រូវដឹកនាំក្រុមប្រកួតជាមួយមាន់ខ្នាយមាស Tottenham Hot Spur នៅយប់ថ្ងៃពុធនេះដែលជាការប្រកួតនៅសប្តាហ៍ទី១៥នៃក្របខណ្ឌ Premier League រួចត្រូវប៉ះក្រុម Manchester City នាយប់ថ្ងៃសៅរ៍ទី៧វិញម្តងដែលត្រូវជាសប្តាហ៍ទី១៦របស់ក្របខណ្ឌបាល់ទាត់ដដែលនេះ។
ក្នុងអំឡុងពេលនៃការហ្វឹកហាត់លោក Ole Gunnar Solskjaer បាននិយាយត្រង់ៗចំពោះមុខកីឡាករទាំងអស់គ្នាថា អនាគតជាអ្នកចាត់ការទូរទៅរបស់លោកនៅ Manchester United អាចនឹងត្រូវចប់ប្រសិនបើក្រុមមួយនេះចាញ់ការប្រកួតជាមួយ Spurs និងគូប្រជែងរួមក្រុងតែមួយ Manchester City។
ការនិយាយបែបនេះវាអាចជារឿងមិនប្រឌិតដើម្បីបំភ័យអោយកូនក្រុមរបស់ខ្លួនព្យាយាមប្រកួតឡើយ ស្របពេលដែលមានព័ត៌មានលិចឮកាន់តែច្រើនឡើងៗថា អតីតអ្នកចាត់ការរបស់ Spurs លោក Pochettino កំពុងតែឃ្លាំមើលរឿងនេះនិងចង់ក្លាយជាអ្នកដឹកនាំជំនួសលោក Ole នៅ Old Trafford ដែរ។