គ្រូបង្វឹក Chelsea ស្ពឹកមុខពេលអ្នកគាំទ្ររបស់ខ្លួនច្រៀងបញ្ឈឺ
(BC-99)
វាជាលើកទី2ហើយក្នុងរយៈពេលតែ3ថ្ងៃប៉ុណ្ណោះដែលក្រុមតោខៀវ Chelsea របស់លោក Graham Potter បានភ្លាត់ស្នៀតចាញ់ក្រុមមេឃខៀវ Manchester City ទាំងនៅក្នុងក្របខណ្ឌ Premier League និងពានរង្វាន់ FA Cup ។
Manchester City ដែលដឹកនាំដោយគ្រូបង្វឹក Pep Gaurdiola នៅតែមានប្រៀបជាងក្រុម Chelsea នៅពេលដែលពួកគេបានប៉ះគ្នាម្តងទៀតនៅក្របខណ្ឌ FA Cup ដោយម្តងនេះទ័ពមេឃខៀវបានលុតក្រុមតោខៀវដោយលទ្ធផល 4-0 នឹងបានបញ្ជូនក្រុមនេះឱ្យធ្លាក់ចេញពីការប្រកួតដណ្តើមពានរង្វាន់មួយនេះនៅរដូវកាល 2023 នេះផងដែរ។
ស្របពេលដែលក្រុមការពារដំណែងជើងឯក Premier League កំពុងតែសប្បាយរីករាយក្រោយពីបញ្ចប់ការប្រកួត ងាកទៅក្រុមអ្នកគាំទ្ររបស់ក្រុមតោខៀវ Chelsea ឯណោះវិញបាននាំគ្នាច្រៀងបង្អាប់ដល់អ្នកដឹកនាំរបស់ខ្លួនគឺលោក Graham Potter ហើយក៏បានច្រៀងចម្រៀងលើកតម្កើនលោក Thomas Tuchel ដែលជាអ្នកដឹកនាំចាស់ផងដែរ។
ជាមួយនឹងបរាជ័យជាប់គ្នាដោយលទ្ធផលសរុប 5-0 ដោយក្រុម Manchester City បែបនេះគេឃើញទឹកមុខទុក្ខសោកបានបញ្ជាក់នៅលើផ្ទៃមុខរបស់លោក Potter ដែលជារឿយៗបានលើកឡើងពីផលវិបាករបស់ក្រុមដែលកំពុងតែកើតមានឡើងដោយសារតែកីឡាករសំខាន់ៗរបស់ខ្លួនទទួលរងរបួស។