
ប្រធានក្រុម ព្រះខ័នរាជស្វាយរៀង សង្ឃឹមត្រឹម៥០ភាគរយការពារជើងឯកលីគកំពូលកម្ពុជា
ប្រធានក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ សឿយ វិសាល ដាក់ក្តីសង្ឃឹមត្រឹមតែ៥០ភាគរយប៉ុណ្ណោះក្នុងការការពារជើងឯកលីគកំពូលកម្ពុជានៅរដូវកាលនេះ ខណៈក្រុមរបស់ខ្លួនកំពុងតាមពីក្រោមក្រុមកំពូលតារាង បឹងកេត ចំនួន២ពិន្ទុនឹងនៅសល់ ត្រឹមតែ១ប្រកួតចុងក្រោយដើម្បីកំណត់ជោគវាសនានេះ ។
ខ្សែការពារ សឿយ វិសាល បានបញ្ជាក់ថា វាពិតជាពិបាកសម្រាប់ឱកាសក្រុមរបស់យើងក្នុងការការពារជើងឯកលីគកំពូលកម្ពុជានៅរដូវកាលនេះ បើទោះបីសល់១ប្រកួតដូចគ្នា ប៉ុន្តែយើងមានភាគរយតិចដោយសារយើងត្រូវការឈ្នះ ហើយក្រុមគូប្រជែងដាច់ខាតត្រូវចាញ់ ។ ប្រធានក្រុមខាងលើ បន្ថែមថា ក្តីសង្ឃឹមសម្រាប់ការយកពានត្រឹម៥០ភាគរយតែប៉ុណ្ណោះ ហើយយើងគ្រប់គ្នានៅតែមានសង្ឃឹមនិងប្រឹងប្រែងគ្រប់ពេលដរាបណាការប្រកួតមិនទាន់ចប់ ។
សម្រាប់ការប្រកួតចុងក្រោយ បឹងកេត ត្រូវជួបក្រុម ភ្នំពេញក្រោន នៃការបិទបញ្ចប់លីគកំពូលកម្ពុជានៅល្ងាចថ្ងៃទី ២៥ តុលា នាទឹកដី Smart RSN ខណៈគូប្រជែងព្រះខ័នរាជស្វាយរៀង ទទួលក្រុម ណាហ្គាវើលដ៍នៅកីឡដ្ឋានខេត្តស្វាយរៀង។ ក្រុម បឹងកេត ត្រូវការតែត្រឹមស្មើភ្នំពេញក្រោន ប៉ុណ្ណោះ ដើម្បីលើកពាន Metfone Cambodian League លើកទី៤ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប បន្ទាប់ពីកំពុងមាន ៤០ ពិន្ទុ ៕