Donnarumma: មាន Ibra AC Milan នឹងមិនមានការភ័យខ្លាច
(BC-99)
កីឡាករ Gianluigi Donnarumma ជឿជាក់ថាក្រុម AC Milan នឹងមិនភ័យព្រួយពេលប្រកួតជាមួយក្រុម Inter នៅចុងសប្តាហ៍នេះឡើយដោយសារមានវត្តមានរបស់ Zlatan Ibrahimovic !
AC Milan ដែលមានរហស្សនាមក្រៅជា The Rossoneri មានកំណត់យ៉ាងត្រាអាក្រក់នារយៈពេល២រដូវកាលចុងក្រោយនេះដោយបានចាញ់គូប្រជែងទីលានតែមួយដល់ទៅ៤ដងជាប់ៗគ្នានៅក្របខណ្ឌ Serie A។
ក៏ប៉ុន្តែនៅរដូវកាលថ្មី ២០១៩-២០ នេះគេបានឃើញក្រុមមួយនេះមានលទ្ធល្អក្រោមការដឹកនាំរបស់គ្រូបង្វឹក Stefano Pioli ដោយជួយឱ្យ AC ទទួលបានជ័យជម្នះជាបន្តបន្ទាប់ ៣ លើកជាប់គ្នាខណៈដែល Inter កំពុងដេញតាមពីក្រោយចំនួន២ពិន្ទុ។
អ្នកចាំទី Donnarumma របស់ក្រុម AC Milan ជឿជាក់ថាក្រុមរបស់គេនៅចុងសប្តាហ៍នេះអាចមានប្រៀបច្រើនជាងក្រុម Inter របស់លោក Antonio Conte ដែលកំពុងតែតាមទម្លាក់ក្រុមរបស់ខ្លួនចេញពីចំណាត់ថ្នាក់លេខ ២។
កីឡាករសញ្ជាតិអ៊ីតាលីបានប្រាប់ទូរទស្សន៍ Sky Sport ថា “គម្លាតក្រុមយើងពី Inter មានចំនួនតិចតួចប៉ុណ្ណោះ។ ពួកគេបានពង្រឹងគុណភាពបានយ៉ាងល្អតាមរយៈទិញកីឡាករពីគ្រប់ទិសទីនៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករ។ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមនិងជឿជាក់ថាយើងនឹងលេងបានដ៏អស្ចារ្យ។ ការវិលត្រឡប់របស់ Ibrahimovic គឺជាការជំរុញទឹកចិត្តដល់ក្រុម AC Milan បន្ទាប់ពីគាត់បានយកឈ្នះលើជំងឺឆ្លង។ AC Milan មាន Ibra គឺប្រាកដជាលេងដោយគ្មានការបារម្ភ!”
សូមជម្រាបដែរថាជំនួបរបស់ក្រុមដែលមានទីលានតែមួយនៅក្នុងក្រុង Milan នេះនឹងត្រូវប្រកួតនាថ្ងៃសៅរ៍ ទី១៧ តុលា វេលាម៉ោង ២៣:០០ ម៉ោងនៅកម្ពុជា។