Zinchenko សុំមិត្តស្រីខ្លួនរៀបការដ៏គួរអោយភ្ញាក់ផ្អើល
(BC-99)
កីឡាកររបស់ Manchester City បានពញ្ញាក់អារម្មណ៍មិត្តស្រីដែលជាពិធីការនីទូរទស្សន៍ដ៏ស្រស់ស្អាតរបស់ខ្លួនដោយបានលុតជង្គង់សុំនាងរៀបការនៅឯកីឡដ្ឋានបាល់ទាត់ជាតិអ៊ុយក្រែនកាលពីម្សិលម៉ិញនេះ។
Oleksandr Zinchenko កីឡាករខ្សែបម្រើរបស់ជម្រើសជាតិអ៊ុយក្រែននិងមេឃខៀវ Manchester City បានប្រើប្រាស់យុទ្ធសាស្ត្រដ៏គួរអោយទាក់ទាញក្នុងការសុំរៀបការជាមួយកញ្ញា Vlada Sedan ដែលជាពិធីការនីដ៏ស្រស់ស្អាតរបស់ទូរទស្សន៍នាទីក្រុង Kiev។ ដោយបានលុតជង្គង់សុំនាងរៀបការអមដោយបាច់ផ្កាកុលាបពណ៌ក្រហមឆ្អិនឆ្អៅមួយបាច់ធំនិងចិញ្ចៀនដ៏សមញ្ញមួយវង់។
នៅពេលមុននេះ Zinchenko ក៏ធ្លាប់បានធ្វើអោយមានការភ្ញាក់ផ្អើលរួចមកហើយដែរ គឺនៅក្រោយពេលដែលក្រុមអ៊ុយក្រែនបានប្រកួតឈ្នះលើក្រុមស៊ែប ៥-០ ស្រាប់តែពិធីការនី Vlada Sedan បានសួរពីចំណាប់អារម្មណ៍របស់ Zinchenko ចម្លើយរបស់កីឡាកររូបនេះគឺថើបនាងមួយខ្សឺតនៅពេលដែលកម្មវិធីកំពុងតែផ្សាយផ្ទាល់ទូទាំងប្រទេស។
គួរបញ្ជាក់ថាចាប់តាំងពីប្តូរមកកាន់ Manchester City ពីក្លិបចាស់ FC Ufa របស់ក្របខណ្ឌ Russia Premier League គេត្រូវបានអោយក្រុម Jong Ajax ខ្ចីយកទៅលេងបន្ទាប់មកទៀតរូបគេក៏បានក្លាយទៅជាគោលដៅ១១នាក់ដំបូងរបស់លោក Pep Guardiola នៅក្រោយពេលដែល Benjamin Mendy មានរបួស។