Bale អាចនឹងបង្ហាញខ្លួនក្នុងជំនួបប្រកួតរវាង Spurs និង Man Utd
(BC-99)
លោក Jose Mourinho មិនត្រឹមតែមានជម្លោះពាក្យសម្តីជាមួយលោក Frank Lampard នៅសប្តាហ៍នេះ តែលោកបានឆ្លងឆ្លើយពាក្យឌឺដងដែលផ្តើមឡើងដោយ Ole Gunnar Solskjaer កាលពីមុននេះទៅទៀត។
លោក Solksjaer គ្រូបង្វឹកក្រុម Man United បាននិយាយទាក់ទងទៅនឹងគ្រូបង្វឹក Tottenham លោក Mourinho ក្នុងសន្និសីទកាសែតក្រោយការប្រកួតដែលបានយកឈ្នះក្រុម Brighton នៅម៉ោងបន្ថែមកាលពីសប្តាហ៍មុនថា “Man Utd នឹងមិនឈ្នះការប្រកួតនេះឡើយប្រសិនបើលោក Mourinho មកវាស់ប្រវែងបង្គោលទី”។
ទាក់ទងទៅនឹងការនិយាយលេងសើចបែបនេះលោក Jose ក៏បានចាក់បណ្តោយទៅវិញថា “Man Utd សាកសមតែលេងជាមួយបង្គោលទីទាបអ៊ីចឹងហើយ ប្រសិនបើបង្គោលទីខ្ពស់ជាងនេះ Brighton ប្រាកដជាឈ្នះរាប់គ្រាប់ជាមិនខាន!”
ក្រុមទាំងពីរបានឆ្លងផុតវគ្គ១៦ក្រុមនៃពានរង្វាន់ Carabao Cup ដូចគ្នាហើយក៏ត្រូវប៉ះប្រកួតជាមួយគ្នានៅថ្ងៃអាទិត្យនេះដែរនៅ Premier League។ ជំនួបគ្នាពីរដងកាលពីរដូវកាលមុនគឺ Man Utd ឈ្នះ 2-1 នៅ Old Trafford និង ស្មើ 1-1 នៅ Tottenham Hot Spurs Stadium។
ទាក់ទងទៅនិងលទ្ធផលប្រកួតកាលពីរដូវកាលចាស់ទាំងពីរប្រកួតនេះលោក Ole បាននិយាយថា “កីឡាករដែលធ្លាប់ប្រកួតជាមួយ Spurs នៅ Old Trafford កាលពីរដូវកាលមុនគឺនៅដដែល។ លោក Jose គឺជាគ្រូបង្វឹកដ៏មានប្រជាប្រិយ៍មួយរូប ខ្ញុំស្រឡាញ់ពេញចិត្តនិងចរិតលក្ខណៈរបស់គាត់”។
ទាក់ទងទៅនឹងភាពលម្អៀងរបស់ VAR ដែលលោក Jose ធ្លាប់ចោទប្រកាន់វិញ Ole ក៏បាននិយាយដែរ ”ក្រុមយើងក៏ធ្លាប់ខកចិត្ដដោយ VAR ដូចគ្នាទៅនឹងអ្វីដែលគេគិតដែរ។ តែពួកគេក៏ធ្លាប់បានទទួលផលចំណេញពី VAR ដែរ។ អ្នកគួរតែគិតពីចំនុចនេះ”
គួរបញ្ជាក់ដែរថាការប្រកួតរវាង Man Utd – Spurs នឹងត្រូវធ្វើឡើងនាទឹកដី Old Trafford នារាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង 22:30 ដែលមានការផ្សាយបន្តផ្ទាល់តាមរយៈក្រុមហ៊ុនទូរទស្សន៍ CBS ផងដែរ។ សម្រាប់មាន់ខ្នាមាសមានដំណឹងមកថានឹងអាចដាក់អោយ Bale ចូលរួមក្នុងការប្រកួតនេះដែរ។