
Tiffy Army ប្រកាសចែកផ្លូវកីឡាករបរទេស៣រូបនិងកីឡាករខ្មែរម្នាក់
ក្លិបបាល់ទាត់ Tiffy Army សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានប្រកាសអំពីការចែកផ្លូវជាមួយកីឡាករបរទេសចំនួន៣នាក់ និងកីឡាករខ្មែរ ម្នាក់ ដើម្បីស្វែងរកកីឡាករថ្មីបន្ថែមសម្រាប់ការត្រៀមរដូវកាលថ្មីនៃលីគកំពូលបាល់ទាត់កម្ពុជាដែលគ្រោងនឹងដំណើរការ នាខែ មិនា ឆ្នាំ ២០២១ ។
កីឡាករបរទេសដែលក្លិបទ័ពបានសម្រេចមិនបន្តរួមរស់ជាមួយគ្នា មាន Magson Dourado ជនជាតិប្រេស៊ីល ដែលផ្លាស់មកពីក្លិប គិរីវង់ សុខសែន ក្នុងជុំទី២ កាលពីរដូវកាលមុន ។ កីឡាករជប៉ុន Mikito Endo ដែលមកចូលរួមជាមួយ Tiffy Army មួយរដូវកាលកន្លងមកក៏ត្រូវចាកចេញផងដែរ ។ កីឡាករបរទេសចុងក្រោយគឺ KOUANOU YANNICK ក៏ត្រូវបានចែកផ្លូវគ្នាជាមួយក្លិបផងដែរ ក្នុងនោះមានតែកីឡាករបរទេសម្នាក់ប៉ុណ្ណោះដែលបានបន្តកុងត្រាជាមួយ ក្លិប ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញនេះគឺ Romario Alves ជនជាតិប្រេស៊ីល ដែលរកបាន៧គ្រាប់កាលពីរដូវកាលមុន ។
ចំណែកកីឡាករខ្មែរដែលត្រូវបានក្លិប Tiffy Army បានសម្រេចចែកផ្លូវជាមួយគឺអ្នកចាំទី ស៊ឹម មេសា ដែលមិនសូវបានបង្ហាញសមត្ថភាពលើទីលាននិងរដូវកាលថ្មីនេះក្លិបបាននាំយកអ្នកចាំទីថ្មីគឺកីឡាករ គង់ រ៉ាហ្វាត់ ទៀតផង ទើបឈានដល់ការចាកចេញរបស់គេ ។ សម្រាប់នាំចូលកីឡាករថ្មីក្លិប Tiffy Army ទើបបានប្រកាសផ្លូវកាលចំនួន២នាក់តែប៉ុណ្ណោះ ក្នុងនោះមានការវិលត្រលប់របស់កីឡាករ ឈិន ឈឿន និងអ្នកចាំទី គង់ រ៉ាហ្វាត់ ៕