Bayern និង Juventus កៅឆាយកៅអីវគ្គ១៦ក្រុម UCL មុនគេហើយ
គិតត្រឹមពេលនេះ Bayern Munich និង Juventus មានកៅអីសម្រាប់វគ្គ១៦ក្រុម UEFA Champions League រួចរាល់ហើយ ក្រោយដណ្ដើមបានជ័យជម្នះដូចៗគ្នាក្នុងការប្រកួតនៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា។
ក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich បានផ្ដួល Benfica ៥ទល់នឹង២ យកបាន១២ពិន្ទុពេញពីការប្រកួត៤លើក។ ពួកគេរកបាន១៧គ្រាប់ និងរបូតវិញតែ២គ្រាប់ ឈរលេខ១ពូល E ច្រើនជាងក្រុមលេខ២ Barcelona ៦ពិន្ទុ។
Robert Lewandowski ធ្វើបានហ៊ែតទ្រីកក្នុងការបង្ហាញខ្លួនលើកទី១០០នៅ UEFA Champions League។ នេះក៏ជាគ្រាប់បាល់ទី៨១របស់គេក្នុងកម្មវិធីដ៏ធំនេះដែរ។ ខ្សែប្រយុទ្ធប៉ូឡូញរូបនេះកំពុងឈរ Top Scores ដោយមាន៨គ្រាប់។
នៅពូល H វិញ Juventus បានយកឈ្នះ Zenit St Petersburg ៤ទល់នឹង២ ដើម្បីពង្រឹងកៅអីកំពូលតារាង ដោយមាន១២ពិន្ទុពេញ។ ក្រុមលេខ២ Chelsea មាន៩ពិន្ទុ ខណៈ Zenit មាន៣ពិន្ទុ និង Malmo FF មិនទាន់មានពិន្ទុ៕