វៀតណាម មិនអាចធ្វើឲ្យ Son-min-Heung ចូលបម្រើកងទ័ពទេ
យោងតាមលទ្ធផលនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើវិញ្ញាសាបាល់ទាត់ U-២៣ឆ្នាំ នៅល្ងាចថ្ងៃពុធនេះ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានប្រកួតឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ដោយលទ្ធផល ៣ទល់នឹង១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Games លើកទី ១៨ ឆ្នាំ ២០១៨។
ជាលទ្ធផលមួយ ដែលញុំាងឲ្យកូរ៉េខាងត្បូង ត្រូវឡើងដល់វគ្គផ្តាច់ព្រ័ត្រ ជួបជាមួយជប៉ុន ឬ អារ៉ាប់រួម។ ជប៉ុន និងអារ៉ាប់រួម ដែលនឹងត្រូវប្រកួតគ្នា នៅយប់ថ្ងៃពុធនេះ វេលាម៉ោង ៧និង៣០យប់។
ទោះបីជាមិនទាន់ដឹងថាអាចទទួលបានមេដាយមាសឬអត់ ប៉ុន្តែកីឡាកររបស់ក្រុមមាន់ខ្នាយមាស់ Tottenham ខ្សែប្រយុទ្ធ Son-min-Heung នៅមានសង្ឃឹមថាអាចគេចវេសពីកាតព្វកិច្ចចូលបម្រើកងទ័ពបាន។ សូមបញ្ជាក់ថា តាមច្បាប់របស់កូរ៉េខាងត្បូង គឺគ្រប់បុរស ដែលមានអាយុ ២៨ឆ្នាំ ត្រូវតែមានកាតព្វកិច្ចចូលបម្រើកងទ័ពរយៈពេល ២ឆ្នាំ ប៉ុន្តែគេមានការអនុគ្រោះ សម្រាប់អ្នកណាដែលអាចរកកិត្តិយសជូនជាតិបាន។ សម្រាប់ Son min Heung ប្រសិនបើគេអាចជួយក្រុមកូរ៉េខាងត្បូង ទទួលបានមេដាយមាស មានន័យថា គេមិនចាំបាច់ត្រូវបំពេញកាតព្វកិច្ចនោះទេ និងមានន័យថា វាជាដំណើរជីវិតដ៏ល្អ ខណៈគេទើបតែបន្តកុងត្រាជាមួយក្លឹបមាន់ខ្នាយមាស រហូតដល់ឆ្នាំ ២០២២។
យ៉ាងណាក៏ដោយ យើងនៅចាំមើលបន្តសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៨ ក្នុងប្រទេសឥណ្ឌូនេស៊ី៕
ដោយ៖ កូនមាន់មាស