ហួត គីមហុង៖ខ្ញុំមិនដឹង២០២៣បានទៅខ្មែរឬអត់ តែខ្ញុំនៅតែចង់ក្រុមនារីនៅស៊ីហ្គេម
អតីតខ្សែប្រយុទ្ធភ្នំពេញក្រោន ហួត គីមហុង នៅតែចង់ជាប់ជម្រើសជាតិ ជាពិសេសបានចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើមាតុភូមិកំណើតរបស់ខ្លួនក្នុងឆ្នាំ២០២៣ ខាងមុខ។
កីឡាការិនីមានកំណើតនៅខេត្តបាត់ដំបងកំពុងរៀននៅសាលា Bryant and Stratton college ហើយគេក៏ជាកីឡាការិនីឆ្នើមម្នាក់ ក្នុងសាលានេះដែរ។
គឹមហុង ធ្លាប់ជាកីឡាការិនីឆ្នើមរបស់ក្លិបភ្នំពេញក្រោន ដែលបានជាប់ជម្រើសជាតិ និងស៊ុតបញ្ចូលទីឲ្យជម្រើសជាតិនារីកម្ពុជា បាន៦គ្រាប់ម្នាក់ឯង ដោយយកឈ្នះ ទីម័រខាងកើត ១២-០ ក្នុងកម្មវិធី AFF Women’s Championship 2018។
គីមហុង បានប្រាប់សារព័ត៌មានដ៏ធំក្នុងស្រុកមួយបែបនេះ “៖បើទោះជាពេលនេះ ខ្ញុំនៅអាមេរិក ហើយមិនដឹងថា ឆ្នាំ២០២៣ បានទៅកម្ពុជាវិញឬអត់ ប៉ុន្តែចិត្តរបស់ខ្ញុំនៅតែចង់ទៅជួយជម្រើសជាតិនារីខ្មែរវិញ បើសិនមានការកោះហៅ ឬបើសិនអាចបានទៅស្រុកកំណើត។ រឿងដែលខ្ញុំស្រមៃ គឺចង់លេងស៊ីហ្គេម២០២៣នេះហើយ ប៉ុន្តែខ្លាចបំផុតនៅពេលបានចូលបម្រើការងារនៅនេះ (អាមេរិក) ទៅ វាធ្លាក់ជើងធ្លាក់អីមិនអាចជួយក្រុមបានច្រើន។ តែអត់អីទេ បើសិនមានការកោះហៅមែន ខ្ញុំនឹងព្យាយាម។”
គួរដឹងដែរថា គីមហុង ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៤ឆ្នាំ, ១៦ឆ្នាំ និង ១៨ឆ្នាំផងដែរ។