ព្រះខ័នរាជស្វាយរៀងជាក្រុមទី២ដែលលើកពានសម្ដេចផង លីគផងក្នុងឆ្នាំតែមួយ
ព្រះខ័នរាជស្វាយរៀងជាក្រុមទី២ដែលឈ្នះទាំងជើងឯកលីគ និងពានសម្ដេចតេជោ ហ៊ុន សែន ក្នុងរដូវកាលតែមួយ ពោលក្នុងរដូវកាល២០២៣/២០២៤ នេះ។
ព្រះខ័នរាជស្វាយរៀងបានក្លាយជាម្ចាស់ជើងឯក Cambodian Premier League រដូវកាល ២០២៣/២០២៤ ក្រោយឈ្នះបឹងកេត ៤ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤។ ចំណែកក្រុមគូប្រជែងភ្នំពេញក្រោនដែលកំពុងឈរលេខ២ ភ្នំពេញក្រោន បានរងបរាជ័យលើដីខ្លួនឯងក្រោមថ្វីជើង វិសាខា ដោយលទ្ធផល ០ទល់នឹង២។
លទ្ធផលនេះបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង បាននាំមុខភ្នំពេញក្រោន ៨ពិន្ទុ ខណៈការប្រកួតនៅសល់តែ២លើកទៀតប៉ុណ្ណោះ។
នេះក៏ជាពានទី២របស់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង ក្នុងរយៈពេលត្រឹមមួយសប្ដាហ៍ បន្ទាប់ពីពួកគេបាន យកឈ្នះភ្នំពេញក្រោន យកតំណែងជើងឯកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ កាលថ្ងៃអាទិត្យ ទី២៨ ខែមេសា កន្លងទៅ។
ក្រុមដំបូង គឺ ភ្នំពេញក្រោនដែលធ្វើបានក្នុងរដូវកាល ២០០៨ (ពេលនោះមានឈ្មោះថា ភ្នំពេញអឹមផាយអឺរ)៕