ព្រះខ័នរាជសហការមេធាវីអន្តរជាតិប្ដឹងឧទ្ធរណ៍រឿង Gabriel
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសថា កំពុងសហការជាមួយមេធាវីកីឡាអន្តរជាតិដើម្បីប្ដឹងឧទ្ធរណ៍ករណី Gabriel Silva បង្ហាញអាវមានអក្សរ “100% Jesus” ហើយត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាពិន័យ៦ខែ។
ក្រុមកំពូលតារាងលីគកំពូលកម្ពុជាបានបង្ហាញសេចក្ដីប្រកាសបែបនេះ ” បន្ទាប់ពីមានការចេញ លិខិតពិន័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) និងការដាក់ពិន័យជាបន្តបន្ទាប់មកលើកីឡាករ Gabriel Silva Costa។ ក្លឹបសូមប្រកាសជាផ្លូវការថា ក្លឹបមិនទទួលយកការសម្រេចនេះឡើយ ដោយហេតុផលថា យើងជឿលើ Gabriel ថាគាត់មិនមានបំណងបញ្ចេញនូវពាក្យសំដីរើសអើង ឬធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តជាមួយនឹងពាក្យស្លោកនៅលើអាវខាងក្នុង របស់គាត់ឡើយ ដែលជាហេតុផលឈានទៅដល់ FFCដាក់ពិន័យដូច្នេះ ដោយគ្រាន់តែយោងទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យនោះទេ។
ក្លឹបអាចបញ្ជាក់បានថា ឥឡូវនេះយើងបានធ្វើការជាមួយមេធាវីកីឡាអន្តរជាតិ ដើម្បីប្តឹងឧទ្ធរណ៍ទៅ FFC ហើយយើងបានត្រៀមបញ្ជូនរឿងក្តីនេះបន្តទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ប្រសិនបើចាំបាច់។
ដោយសារនេះជាករណីផ្លូវច្បាប់ ក្លឹបសូមរក្សាសិទ្ធិមិនធ្វើសេចក្ដីអត្ថាធិប្បាយបន្ថែមឡើយ។”